(ភ្នំពេញ)៖ ក្រុមហ៊ុន HGB Group សម្ពោធជាផ្លូវការនូវរថយន្តដែលប្រើប្រាស់អគ្គិសនីសុទ្ធ ម៉ាក BMW THE NEW i7 ប្រចាំឆ្នាំ២០២៣ និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនី។

ស្របតាមទិសដៅនៃអព្យាក្រឹត្យកាបូននៅកម្ពុជាឆ្នាំ២០៥០ និងនិន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនីក្នុងតំបន់ និងពិភពលោក គោលនយោបាយ និងយុទ្ធសាស្រ្តជាតិកម្ពុជាសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី ដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសម្រេចឱ្យបានការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា ៤០% និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា៧០% នៅឆ្នាំ២០៥០។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ថ្លែងក្នុងពិធីសម្ពោធនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra។

លោក ពៅ ម៉ាលី បានបន្ថែមថា ស្ថានីយ៍សាករថយន្តរបស់ BMW ជាស្ថានីយបញ្ចូលថាមពលល្បឿនលឿនទី១៤ ដែលបានដាក់សម្ភោធឱ្យប្រើប្រាស់នាពេលនេះ។

លោក Lars Nielsen នាយកគ្រប់គ្រង BMW Group ប្រចាំតំបន់អាស៊ី បានលើកឡើងថា BMW THE NEW i7 នៅចំពោះមុខយើងទាំងអស់នេះ គឺកំពុងបើកទំព័រថ្មីនៅក្នុងពិភពរថយន្តប្រណិតនៅកម្ពុជាដែលប្រើបច្ចេកវិទ្យាថ្មីបំផុត និងអស្ចារ្យបំផុត ជាមួយនឹងការតុបតែងបែបថ្មីបំផុត។ រីឯ លោក Isaac Yeo នាយកគ្រប់គ្រងរថយន្តម៉ាកប្រណិត (Premium Brands) នៃក្រុមហ៊ុន HGB Group បានគូសបញ្ជាក់ថា HGB Group មានមោទនភាពដែលបានតំណាងម៉ាក BMW នៅកម្ពុជា តាំងពីឆ្នាំ២០១៩ មក។

កម្មវិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយសប្រមាណ ២៥០ រូបជាមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល តំណាងវិស័យ ឯកជន អតិថិជន និងជាពិសេស ឯកអគ្គរដ្ឋទូត នៃសធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ តំណាងស្ថានទូតជប៉ុន និងតំណាងស្ថានទូត នៃសហរដ្ឋអាមេរិក។

BMW THE NEW i7 គឺជារថយន្តម៉ាក BMW ដែលប្រើប្រាស់អគ្គិសនីសុទ្ធទី១ នៅកម្ពុជា ហើយអាចបញ្ចូលថាមពលម្តងអាចរត់បានចម្ងាយ ៦០០ គីឡូម៉ែត្រ។