(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមីនានេះ បានដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ Tri-Nation Cup 2023 រយៈពេល ៥ថ្ងៃ ដោយចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៩ ខែមីនាស្អែកតទៅ ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា ការប្រកួតពានរង្វាន់មិត្ដភាពអន្ដរជាតិនេះ គឺដើម្បីវាស់ស្ទង់ និងពង្រឹងសមត្ថភាពក្រុមជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ។ ការប្រកួតនេះមាន ៣ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះម៉ាឡេស៊ី ២ក្រុម(ក្រុមធំ និងយុវជន) សិង្ហបុរី ១ក្រុម និងកម្ពុជា ១ក្រុម។

លោកបន្ដថា «ជំនួបពានរង្វាន់ Tri-Nation Cup នេះ ទាំងសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា គឺសុទ្ធតែពង្រឹងសមត្ថភាពរៀងៗខ្លួន ជាក់ស្ដែងបន្ទាប់ពីស៊ីហ្គេម នៅវៀតណាម ខ្ញុំគិតថា បណ្ដាប្រទេសក្នុងតំបន់របស់យើង គឺពង្រឹងរៀងៗខ្លួន ទាំងកីឡាករ និងគ្រូបង្វឹកជាដើម...។ ដូច្នេះស៊ីហ្គេម ឆ្នាំ២០២៣ នេះ មិនមែនជាការងារស្រួលទេ ក្នុងការប្រកួតប្រជែងដណ្ដើមមេដាយមាស ។ អ៊ីចឹងយើងក៏ចង់បាន គេក៏ចង់បាន»

«ដូច្នេះដើម្បីឈានដល់មហិច្ឆតាយើងដាក់គោលដៅរួមគ្នានោះ ទាល់តែយើងខ្លួនឯង ពិសេសកីឡាករ ត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ដាក់ចិត្តដាក់កាយ យកបេះដូងមកហ្វឹកហាត់ ដើម្បីស្វែងរកមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះ»។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ថែម។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា ក្រោយត្រឡប់ពីចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិខាងលើ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិក្នុងស្រុក ២ប្រកួតទៀត ដោយគ្រោងជួបក្រុមលំដាប់លេខ១ មកពីខេត្តសាន់តូវ ប្រទេសចិន នាថ្ងៃទី០៥ និងថ្ងៃទី០៧ ខែមេសាខាងមុខ ដែលជាការប្រកួតត្រៀមចុងក្រោយ មុនការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ មកដល់៕