(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញបើកការប្រកួតកីឡាបាល់ទាត់​ ដណ្តើមពានរង្វាន់ របស់លោកផ្ទាល់ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ក្រោមការពីក្រុមហ៊ុនមិត្ត ហ្វូន និងសប្បុរសជន។

ការប្រគួតមានរយៈពេល២សប្តាហ៍ ដែលធ្វើឡើងក្នុងគោលបំណងទទួលស្វាគមន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ដោយមានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ និងយុវជនយ៉ាងច្រើនកុះករ។

លោក លី​ សុគន្ធី ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹង ក្រុមកីឡាដែលបានដាក់ពាក្យសុំចូលរួមប្រកួត មានចំនួន១៥អង្គភាព ក្លិប មានចំនួន២៣ក្រុម និង​មានកីឡាករ ចំនួន៧១៨នាក់ មកពីក្លិបយុវជនសាលាខេត្ត រតនាគារខេត្ត រដ្ឋបាលស្រុកក្រគរ ស្រុកបាកាន ស្រុកភ្នំក្រវាញ ស្រុកវាលវែង ស្រុកកណ្តៀង ស្រុកតាលោសែនជ័យ ស្នងការដ្ឋាននគរបាលខេត្ត ក្លិបពោធិ៍សាត់City មន្ទីរសុខាភិបាលខេត្ត វិទ្យា ស្ថានពហុបច្ចេកទេស ក្លិបវ័យចាស់ស្រឡាញ់សន្តិភាព ក្លិបយុវជនសម្ព័ន្ធម៉ូស្លឹមខេត្ត និងក្លិបយុវជនកែវសុវណ្ណ។ លោកបានបញ្ជាក់ថា ការប្រកួតនេះ មានរយៈពេល១២ថ្ងៃ ស្មើនឹង៣៨ប្រកួត ប្រើប្រាស់ទីលានចំនួន២ ស្ថិតក្នុងកីឡដ្ឋានខេត្ត។ ក្នុងនាមគណៈកម្មការរៀបចំការប្រកួត ប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីសមត្ថភាព អនុវត្តតាមច្បាប់ ឈរលើស្មារតី ទទួលខុសត្រូវខ្ពស់ប្រកបដោយយុត្តិធម៌មិនលំអៀង សំដៅធ្វើយ៉ាងណា ឱ្យការប្រកួតនេះមានតម្លាភាព។

មានប្រសាសន៍សំណេះសំណាល ក្នុងពិធីបើកការប្រកួត លោក ខូយ រីដា បានថ្លែងថានេះគឺជាលើកទី១ ដែលរដ្ឋបាលខេត្ត សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានការចូលរួមជួយឧបត្ថម្ភគាំទ្រ ពីក្រុមហ៊ុនមិត្តហ្វូន និងសប្បុរសជននានា ទើបមានព្រឹត្តការណ៍ប្រកួតកីឡាបាល់ទាត់​ ដណ្តើមពានរង្វាន់ របស់លោកអភិបាលខេត្ត និងលោកស្រី ចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ដើម្បីទទួលស្វាគមន៍ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ ដែលឈានចូលមកដល់​ខាងមុខនេះ។ តាមរយៈនេះលោកសូមថ្លែងអំណរគុណ ដល់គណៈកម្មការ អនុគណៈកម្មការ ប្រតិភូដឹកនាំក្រុមកីឡាករ មន្ត្រីបច្ចេកទេស កីឡាករបាល់ទាត់ទាំងអស់ ដែលបានមកចូលរួមប្រកួត ដែលបញ្ជាក់ឱ្យឃើញពីកាយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍វិស័យកីឡានៅក្នុងខេត្ត កាន់តែមានភាពរីកចម្រើនមួយកម្រិតថែមទៀត។

ជាការពិតណាស់ វិស័យអប់រំកាយ និងកីឡា ជាអាទិភាពដ៏សំខាន់ ដែលរាជរដ្ឋាភិបាល បាននឹងកំពុងបន្តយកចិត្តទុកដាក់ គាំទ្រ និងធ្វើការអភិវឌ្ឍ ព្រោះថាវិស័យនេះ ធ្វើឱ្យយុវជន និងប្រជាជនរបស់យើងទទួលបាន នូវសុខភាពល្អ ប្រាជ្ញា ឈ្លាសវៃ និងកាយសម្បទាមាំមួន បានបង្កើតនូវ ចំណងសាមគ្គីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងគ្នានឹងគ្នា ជាពិសេសជាមួយ បណ្តាប្រទេសជិតខាងយើង​ដែលកន្លងមកនេះក្រុមកីឡាករ​កម្ពុជា ធ្លាប់បានទៅចូលរួមប្រកួតជាអន្តរជាតិ ​ដោយនាំមកនូវជ័យលាភី ជូនជាតិមាតុភូមិជាបន្តបន្ទាប់។

ក្នុងនាមរដ្ឋបាលខេត្ត លោកសូមផ្តាំផ្ញើដល់កីឡាករទាំងអស់ ត្រូវអនុវត្តឱ្យបាននូវបទបញ្ជាដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាព ចេះយោគយល់ និងអព្យាស្រ័យគ្នាទៅវិញទៅមក ទាំងការស្នាក់នៅ និងទាំងការប្រកួត។ ការងាក់មកលេងកីឡា គឺចៀសវាងបានការប្រព្រឹត្តអំពើល្មើសផ្សេងៗ ដូចជាការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងជាដើម និងចូលរួមសប្បាយរីករាយ ​ទទួលស្វាគមន៍​បុណ្យចូល​ឆ្នាំថ្មីប្រពៃណីខ្មែររបស់យើង ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ដែលចូលមកដល់ឆាប់ៗខាងមុខ និងត្រៀមខ្លួនជា ម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ថែមទៀតផង៕