(ភ្នំពេញ)៖ សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) នឹងរៀបចំការតាំងពិព័រណ៍ផលិតផលជាច្រើនមុខ ដែលមានរហូតដល់ទៅជាង ១០០ស្តង់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ នៅផ្សារទំនើបអូឡាំព្យ៉ា។

ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានថ្លែងថា សមាគមសហគ្រិនស្ត្រីកម្ពុជា នឹងរៀបចំការតាំងពិព័រណ៍ផលិតផលសហគ្រិនស្ត្រី រយៈពេល៣ថ្ងៃទី២៩-៣១ ខែមីនា ឆ្នាំ២០២៣។
ការរៀបចំពិព័រណ៍នេះ នៅក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងផែនការទិសដៅបន្តឆ្នាំ២០២៣ និងខួបអនុស្សាវរីយ៍លើកទី១១ នៃការបង្កើតសមាគម ជាពិសេសប្រារព្ធទិវានារីអន្តរជាតិខួបទី១១២ ដែលនឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងក្រសួងពាណិជ្ជកម្ម ក្រសួងកិច្ចការនារី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិសេសសហគ្រិនស្ត្រី មកពីទីជិត-ឆ្ងាយទូទាំងប្រទេស។ នេះតាមការបញ្ជាក់បន្ថែមរបស់ឧកញ៉ា កែវ មុំ។

ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានថ្លែងបន្ដថា «ពិព័រណ៍នេះធ្វើឡើងដើម្បីបង្ហាញពីស្នាដៃ និងសមិទ្ធផលរបស់ស្ដ្រីកម្ពុជាយើង ពិសេសជាផ្នែកមួយជំរុញដល់ការលក់ផលិតរបស់សហគ្រិនខ្មែរយើងដែលអាចធ្វើបាន ហើយសុទ្ធតែជាផលិតផលល្អ មានស្ដង់ដារខ្ពស់ និងធ្លាប់នាំចេញទៅក្រៅប្រទេសផងដែរ»។

ឧកញ៉ា កែវ មុំ បានថ្លែងទៀតថា ការតាំងពិព័រណ៍ផលិតផលសហគ្រិនស្ត្រីកម្ពុជា រយៈពេល៣ថ្ងៃពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពីសហគ្រិនស្ត្រី អង្គការ ស្ថាប័នរដ្ឋ និងឯកជនជាច្រើន ជាពិសេសអគ្គរាជទូត និងរដ្ឋទូតនៃបណ្តាប្រទេសនានាផងដែរ។

ចំណែកសន្និបាតប្រចាំឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រីគតិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងស្ថាប័នសំខាន់ៗមួយចំនួនធំផងដែរ។ ក្នុងអំឡុងពេលនៃសន្និបាតប្រចាំឆ្នាំនេះ សមាគមពិភាក្សាអំពីចំណុចសំខាន់ៗ និងសមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២២ ក៏ដូចជាការពិភាក្សាអំពីជំហានបន្ទាប់មួយចំនួន និងការអភិវឌ្ឍន៍នាពេលអនាគតដែលគ្រោងសម្រាប់ឆ្នាំ២០២៣នេះ ។

នៅថ្ងៃចុងក្រោយនៃការតាំងពិព័រណ៍ផលិតផលសហគ្រិនស្ត្រី និងសន្និបាត ក៏មានពិធីលៀងសាយភោជននាពេលរាត្រី ក្នុងនេះក៏មានពិធីកាត់ខំខេកអបអរសាទរខួបលើកទី១១នៃការបង្កើតសមាគម ក៏ដូចជាខួបលើកទី១១២នៃទិវានារីអន្តរជាតិ ក្រោមអធិបតីភាព លោកស្រី ឡាយ ណាវីន រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានការអញ្ជើញចូលរួមពីសមាជិកា និងស្ថាប័ន-អន្តរជាតិជាច្រើនផងដែរ។

ក្រៅពីពិធីសំខាន់ៗទាំងនេះ សមាគមក៏បានរៀបចំកិច្ចពិភាក្សាតុមូលដែលមានវាគ្មិនកិត្តិយសល្បីៗ នៅក្នុងប្រទេសកម្ពុជា កម្មវិធីប្រកួតវោហាសាស្រ្ត និងកម្មវិធីកម្សាន្តពេលល្ងាចរហូតដល់ម៉ោង ៩យប់ រួមជាមួយការចាប់ឆ្នោតផ្សងសំណាងយករង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។

ក្នុងឱកាសនេះ ឧកញ៉ា កែវ មុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមយ៉ាងច្រើនកុះករ ដើម្បីជួយលើកស្ទួយផលិតផលរបស់ខ្មែរយើង និងដើម្បីទទួលនូវចំណេះដឹងផ្នែកទីផ្សារ និងជំនួញដែលការចូលរួមដោយសេរី និងមិនគិតថវិកានោះទេ៕