(ឡុងដ៍)៖ ខ្សែការពារក្លិប Tottenham Hotspur កីឡាករ Emerson Royal នឹងទទួលការវះកាត់របួសជង្គង់ ដែលបានរងរបួសនៅពេលប្រកួតឲ្យក្រុមជម្រើសជាតិប្រេស៊ីល, នេះបើតាមការឲ្យដឹងពីក្លិប ដែលលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

Emerson មានវ័យ ២៤ឆ្នាំ បានរងរបួសក្នុងវេលាម៉ោងបន្ថែម មុនចប់ការប្រកួត ដោយប្រេស៊ីលបានចាញ់ម៉ារ៉ុក ២-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅកាលពីថ្ងៃសៅរ៍កន្លងទៅ។

បើតាមក្លិប Tottenham បានឲ្យដឹងថា «យើងអាចបញ្ជាក់ថា Emerson Royal បានរងរបួសនៅជង្គង់ខាងឆ្វេង នៅអំឡុងពេលបំពេញតួនាទីអន្តរជាតិ ជាមួយប្រេស៊ីល កាលពីសប្តាហ៍មុន ខ្សែការពាររូបនេះ នឹងទទួលការវះកាត់ មុនពេលចាប់ផ្តើមស្តារនីតិសម្បទារបស់លោកឡើងវិញ ជាមួយបុគ្គលិកវេជ្ជសាស្ត្ររបស់យើង»

រំលឹកផងថា បច្ចុប្បន្នក្លិប Tottenham កំពុងតែស្វែងរកគ្រូបង្វឹកថ្មី ដើម្បីមកជំនួសលោក Antonio Conte ផងដែរ, ខណៈនឹងត្រូវប្រកួតប៉ះ Liverpool, Manchester United និង Newcastle United នៅខែមេសាខាងមុខនេះ ដែលស្ថិតក្នុងអំឡុងពេលកំពុងតស៊ូ ដើម្បីអាចបញ្ចប់ក្នុងចំណាត់ថ្នាក់ Top 4នៃតារាលីគ ដ្បិតកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៤ ដោយមាន ៤៩ពិន្ទុ, នឹងមាន ២ពិន្ទុឈរលើក្រុមចំណាត់ថ្នាក់ទី៥ ជាបណ្តោះអាសន្ន៕