(ភ្នំពេញ)៖ ក្រុមហ៊ុន ខនភ្លូអិនស៍ ដែលជាកាតាលីករ ជំរុញកំណើនអាជីវកម្មឈានមុខគេនៅប្រទេសកម្ពុជា និងអាស៊ាន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីតំណាងនៅក្នុងប្រទេសកម្ពុជាជាមួយនឹងក្រុមហ៊ុនផលិតខ្សែរ៉កអន្តរជាតិឈានមុខគេ គឺក្រុមហ៊ុន Doppelmayr Group។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយលោក Alexander Klimmer ដែលជានាយកប្រតិបត្តិផ្នែកលក់របស់ក្រុមហ៊ុន Doppelmayr និងលោក កែ ប៊ិន សូរស្មី ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនខនភ្លូអិនស៍ នៅខែមករា ឆ្នាំ២០២៣ នៅប្រទេសអូទ្រីស នៃការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Doppelmayr ដោយមានវត្តមានរបស់លោក Peter Vogelmann ដែលជានាយកផ្នែកលក់អន្តរជាតិរបស់ក្រុមហ៊ុន Doppelmayr និងលោក Martin Ladner ដែលជាអ្នកគ្រប់គ្រងប្រចាំតំបន់របស់ក្រុមហ៊ុន Doppelmayr។

យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនខនភ្លូអិនស៍ នឹងក្លាយជាភ្នាក់ងារផ្តាច់មុខរបស់ក្រុមហ៊ុន Doppelmayr Group ដោយមានប្រសិទ្ធភាពអនុវត្តគិតត្រឹមខែមករា នៅប្រទេសកម្ពុជា ជាមួយនឹងគោលបំណងស្វែងរក និងកំណត់ឱកាសអាជីវកម្មនៅកម្ពុជា ព្រមទាំងធ្វើឱ្យឱកាសទាំងនោះចេញជាផ្លែផ្កា។

ភាពជាដៃគូនេះនឹងផ្តោតលើការអភិវឌ្ឍដំណោះស្រាយ សម្រាប់ការធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា ដែលប្រទេសនេះផ្តល់នូវលទ្ធភាពយ៉ាងច្រើន ក្នុងវិស័យទេសចរណ៍ និងការដឹកជញ្ជូនក្នុងទីក្រុង។

ក្រុមហ៊ុន Doppelmayr Group ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកកំពុងបន្តការពង្រីកខ្លួនជាអន្តរជាតិ

ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាខាងវិស្វកម្មខ្សែរ៉ក និងលេចធ្លោតាមរយៈជំនាញដ៏ល្អឥតខ្ចោះរបស់ខ្លួនផ្នែកច្នៃប្រឌិត គុណភាពសេវាកម្ម និងផលិតផល ព្រមទាំងតាមរយៈការប្តេជ្ញាចិត្តដាច់ខាតរបស់ខ្លួនចំពោះសុវត្ថិភាព។ ភាពឈានមុខគេរបស់ខ្លួននៅលើពិភពលោក នៅក្នុងទីផ្សារនេះ គឺផ្អែកលើចំណេះដឹងពិតប្រាកដអំពីតម្រូវការរបស់អតិថិជន ក៏ដូចជាវិជ្ជាជីវៈ និងភាពច្បាស់លាស់នៅក្នុងការបំពេញការងារ។ ក្រុមហ៊ុននេះអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាពសម្រាប់រមណីយដ្ឋានទេសចរណ៍ ក៏ដូចជាប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរក្នុងស្រុកទំនើប សម្រាប់បរិស្ថានទីក្រុងផងដែរ។

ជាមួយនឹងការដំឡើងជាង ១៥ ៤០០គម្រោងនៅប្រទេសចំនួន ៩៦ក្រុមហ៊ុន Doppelmayr Group បានការទទួលស្គាល់ជាច្រើននៅតំបន់អាស៊ី និងបន្តពង្រីកខ្លួនជាអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា ដោយមានជំនឿយ៉ាងមុតមាំលើសក្តានុពល និងភាពចាស់ទុំរបស់កម្ពុជា ដើម្បីទទួលបានដំណោះស្រាយសម្រាប់ការធ្វើដំណើររបស់ខ្លួន។ ក្រុមហ៊ុនមានទម្លាប់ជាយូរមកហើយក្នុងការនាំចេញដំណោះស្រាយសម្រាប់ការធ្វើដំណើររបស់ខ្លួនទៅកាន់ពិភពលោក និងជាពិសេសទៅកាន់តំបន់អាស៊ី ដោយមានកំណត់ត្រាជោគជ័យដែលបង្ហាញឱ្យឃើញនៅក្នុងទីផ្សារវៀតណាម។

លោក Peter Vogelmann ដែលជានាយកផ្នែកលក់អន្តជាតិរបស់ក្រុមហ៊ុន Doppelmayr បានវិភាគថា «ប្រទេសកម្ពុជាគឺជាទីផ្សារដ៏ល្អមួយជានឹងសក្តានុពលដ៏អស្ចារ្យ ដើម្បីទទួលបានដំណោះស្រាយសម្រាប់ការធ្វើដំណើរតាមខ្សែរ៉ក។ យើងទន្ទឹងរង់ចាំគម្រោងដ៏គួរឱ្យរំភើប និងធ្វើការរួមគ្នាជាមួយក្រុមហ៊ុនខនភ្លូអិនស៍ដែលជាដៃគូរបស់យើង»។

ដោយលើកឡើងបន្ថែមអំពីបទពិសោធន៍របស់ក្រុមហ៊ុននៅក្នុងប្រទេសវៀតណាម និងសក្តានុពលរបស់ប្រទេសកម្ពុជា៖

«រួមគ្នាជាមួយនឹងអតិថិជនរបស់យើង យើងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងទីផ្សារវៀតណាម ជាកន្លែងដែលយើងសម្រេចបានគម្រោងចំនួន២៨ ក្នុងរយៈពេល ២៣ឆ្នាំ ដែលគម្រោងភាគច្រើនទទួលបានកំណត់ត្រាពិភពលោក (ការដំឡើងដែលអាចដោះផ្ដាច់ចេញបានវែងបំផុតនៅ ហុនធំ (Hon Thom) លើកោះភូកុក (Phu Quoc កោះត្រល់) អគារខ្ពស់បំផុតនៅឆ្នេរហាឡុងបេ (Ha Long Bay)។ ការដំឡើងជាច្រើននៅលើភ្នំបាណា (Bana Hills) ទូកចែវនៅលើភ្នំខ្ពស់បំផុតនៅប្រទេសវៀតណាម គឺភ្នំហ្វាន់ស៊ីផាន (Fansipan) និងច្រើនកន្លែងទៀត)។ ដូច្នេះ ទីផ្សារកម្ពុជា គឺជាជំហានបន្ទាប់ដ៏សមហេតុផលមួយ។ សក្ដានុពលដ៏ច្រើន ជាពិសេសក្នុងការអភិវឌ្ឍកន្លែងសក្ការៈបូជា ប៉ុន្តែក៏មានគម្រោងតាមឆ្នេរសមុទ្រ និងកោះផងដែរ»។ នេះជាការលើកឡើងរបស់លោក Alexander Klimmer ដែលជានាយកប្រតិបត្តិផ្នែកលក់របស់ក្រុមហ៊ុន Doppelmayr Group។

«តាមរយៈការងារដែលបញ្ចប់ដោយក្រុមហ៊ុនខនភ្លូអិនស៍ យើងមានទំនាក់ទំនងជាមួយអ្នកអភិវឌ្ឍន៍ និងអ្នកផ្សព្វផ្សាយមួយចំនួនរួចហើយ។ យើងមានមហិច្ឆតា និងសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះលទ្ធភាពនៃការអភិវឌ្ឍគម្រោងនានា នាពេលខាងមុខ។ យើងក៏មានបំណងចង់សិក្សាអំពីលទ្ធភាពដែលទទួលបានសម្រាប់ទីក្រុងធំៗរបស់ប្រទេសកម្ពុជា ការដឹកជញ្ជូនក្នុងទីក្រុងដោយខ្សែរ៉ក ពីព្រោះបច្ចុប្បន្ននេះវាគឺជាជម្រើសមួយដែលអាចសម្រេចបាន និងជាដំណោះស្រាយដែលចំណាយតិច មានប្រសិទ្ធភាពខ្ពស់បើធៀបនឹងរថភ្លើងក្រោមដី ឬមធ្យោបាយដឹកជញ្ជូនផ្សេងៗទៀត។ រាជធានី និងទីក្រុងជាច្រើននៅទូទាំងពិភពលោកបានដាក់បញ្ចូលខ្សែរ៉ករួចជាស្រេចហើយ ដែលជាការបន្ថែមប្រកបដោយនិរន្តរភាព ដល់បណ្តាញដឹកជញ្ជូនរបស់រាជធានី និងទីក្រុងទាំងនោះ ដូច្នេះហេតុអ្វីបានជាប្រទេសកម្ពុជាមិនមាន?» នេះជាការលើកឡើងរបស់លោក Martin Ladner ដែលជាអ្នកគ្រប់គ្រងប្រចាំតំបន់របស់ក្រុមហ៊ុន Doppelmayr Group។

ក្រុមហ៊ុនខនភ្លូអិនស៍ ជាដៃគូអាទិភាពសម្រាប់ គម្រោងដែលមានឥទ្ធិពលវិជ្ជមាននៅប្រទេសកម្ពុជា

កិច្ចព្រមព្រៀងនេះបញ្ជាក់ថាក្រុមហ៊ុនខនភ្លូអិនស៍ ជាដៃគូអាទិភាពសម្រាប់ការចូលទីផ្សារសំខាន់ៗនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនក៏បញ្ជាក់នូវយុទ្ធសាស្ត្ររបស់ខ្លួន ដែលត្រូវបានផ្តួចផ្តើមឡើងនៅក្នុងឆ្នាំ២០១៥ ដើម្បីលើកទឹកចិត្ត ផ្សព្វផ្សាយ និងវិនិយោគលើគម្រោងទំនើបៗដែលនឹងមានឥទ្ធិពលវិជ្ជមានមកលើព្រះរាជាណាចក្រកម្ពុជាជាច្រើនឆ្នាំ។

ការគាំទ្រដល់ដំណោះស្រាយសម្រាប់ការធ្វើដំណើរប្រកបដោយភាពច្នៃប្រឌិតបែបនេះទំនងជានឹងបង្កើតភាពទាក់ទាញរបស់ប្រទេស បង្កើតឱ្យមានការមកទស្សនារបស់ភ្ញៀវទេសចរក្នុងស្រុក និងបរទេសជាច្រើន លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្កើតការងារសម្រាប់ប្រជាជនក្នុងមូលដ្ឋាន។

លោក កែ ប៊ិន សូរស្មី ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនខនភ្លូអិនស៍ បានលើកឡើងថា «យើងមានមោទនភាពខ្លាំងណាស់ដែលក្រុមហ៊ុន Doppelmayr Group ដែលជាក្រុមហ៊ុនឈានមុខគេនៃទីផ្សារសកលផ្នែកដំណោះស្រាយសម្រាប់ការធ្វើដំណើរតាមខ្សែរ៉ក បានជ្រើសរើសយកក្រុមហ៊ុនខនភ្លូអិនស៍ ឱ្យគាំទ្រពួកគេក្នុងការអភិវឌ្ឍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងជឿជាក់យ៉ាងមុតមាំលើសក្តានុពលរបស់ប្រទេសកម្ពុជា ដើម្បីទទួលបានដំណោះស្រាយសម្រាប់ការធ្វើដំណើរ ប្រកបដោយភាពច្នៃប្រឌិតបែបនេះ។ ការឆ្លើយតបរបស់ទីផ្សារមាននៅទីនេះរួចហើយ ហើយខ្ញុំជឿថាយើងអាចធ្វើបានក្នុងពេលដ៏ខ្លី មិនថានៅលើភ្នំ កោះ កន្លែងសាសនា ឬសូម្បីតែទីក្រុងរបស់យើង។ បច្ចុប្បន្ននេះ នៅក្រុមហ៊ុនខនភ្លូអិនស៍ យើងគឺជាផ្នែកមួយនៃគ្រួសារក្រុមហ៊ុន Doppelmayr ហើយឥឡូវនេះដល់ពេលដែលត្រូវខិតខំប្រឹងប្រែង ដើម្បីនាំយកបទពិសោធន៍ធ្វើដំណើរប្លែកៗទាំងនេះ មកកាន់ព្រះរាជាណាចក្រកម្ពុជាហើយ។ Wer will, der kann!»។

អ្នកនាង ងៀន វណ្ណ តារា ដែលជានាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងផ្នែកទំនាក់ទំនងទីផ្សាររបស់ក្រុមហ៊ុនខនភ្លូអិនស៍ បានលើកឡើងបន្ថែមអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនខនភ្លូអិនស៍ចំពោះអនាគតនៃកម្ពុជាថា «ជាមួយនឹងភាពជាដៃគូនេះ នៅក្រុមហ៊ុនខនភ្លូអិនស៍ ច្រើនជាងពេលណាៗទាំងអស់ យើងប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការប្រភេទនេះជាមួយអ្នកច្នៃប្រឌិតផ្នែកឧស្សាហកម្មនៅក្នុងទីផ្សារ និងឧស្សាហកម្មជាក់លាក់ ប្រសិនបើទំនិញ និងសេវាកម្មរបស់ពួកគេផ្តល់នូវសក្ដានុពលប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។ វាក៏បង្ហាញពីការបំពេញបន្ថែមរបស់ក្រុមហ៊ុនខនភ្លូអិនស៍ជាមួយអង្គការពាណិជ្ជកម្មផងដែរ។ ក្នុងករណីនេះ យើងបានសហការគ្នាជាមួយអង្គការ Advantage Austria ដែលជាអង្គការលើកកម្ពស់ពាណិជ្ជកម្មនៃសភាសេដ្ឋកិច្ចសហព័ន្ធអូទ្រីស ដើម្បីជួយឱ្យក្រុមហ៊ុន Doppelmayr បន្តអភិវឌ្ឍតំបន់មេគង្គ»។

ហេតុផល ៥ យ៉ាងដែលដំណោះស្រាយសម្រាប់ការធ្វើដំណើរតាមកន្ត្រកខ្សែកាបមានអនាគតល្អនៅក្នុងប្រទេសកម្ពុជា៖

ទី១៖ តំបន់ទេសចរណ៍ ប្រទេសកម្ពុជាមានតំបន់ទេសចរណ៍ដ៏ពេញនិយមជាច្រើនដូចជា ប្រាសាទអង្គរវត្ត បឹងទន្លេសាប និងតំបន់ឆ្នេរសមុទ្រ ឬកោះជាច្រើនទៀត ដែលនឹងទទួលបានអត្ថប្រយោជន៍ពីការដឹកជញ្ជូនតាមកន្ត្រកខ្សែកាប ដើម្បីបង្កើនភាពងាយស្រួល និងផ្តល់ឱ្យភ្ញៀវទេសចរនូវចំណុចមានប្រៀបពិសេសមួយ។ កម្ពុជាក៏ជាប្រទេសនៃការធ្វើដំណើរធម្មយាត្រាផងដែរ។
ទី២៖ ការអភិវឌ្ឍទីក្រុង ដោយសារទីក្រុងនានារបស់កម្ពុជាបន្តរីកចម្រើន និងធ្វើនគរូបនីយកម្ម ប្រព័ន្ធកន្ត្រកខ្សែកាបអាច ត្រូវបានអនុវត្តជាមធ្យោបាយដឹកជញ្ជូនសាធារណៈប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងធ្វើឱ្យការធ្វើដំណើរកាន់តែប្រសើរឡើង។ លើសពីនេះ ជាទូទៅប្រព័ន្ធកន្ត្រកខ្សែកាបមានប្រសិទ្ធភាព ចំណាយតិចសម្រាប់សាងសង់ និងថែទាំ បើប្រៀបធៀបទៅនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ឬផ្លូវថ្នល់ធម្មតា។
ទី៣៖ ផ្លូវដែលមានទេសភាពស្រស់ស្អាត ទេសភាពដ៏ស្រស់ត្រកាលរបស់ប្រទេស និងតំបន់ភ្នំធ្វើឱ្យវាក្លាយជាបេក្ខភាពសំខាន់ សម្រាប់ប្រព័ន្ធកន្ត្រកខ្សែកាប ដើម្បីផ្តល់នូវទស្សនីយភាពស្រស់ត្រកាល និងការចូលទៅដល់តំបន់ដាច់ស្រយាល។
ទី៤៖ អាកាសធាតុ៖ អាកាសធាតុត្រូពិករបស់ប្រទេសកម្ពុជា អាចមានអំណោយផលដល់ប្រព័ន្ធកន្ត្រកខ្សែកាប ដោយសារវាមិនសូវរងផលប៉ះពាល់ ដោយស្ថានភាពអាកាសធាតុដ៏អាក្រក់ បើប្រៀបធៀបទៅនឹងទម្រង់នៃការដឹកជញ្ជូនផ្សេងទៀត។
ទី៥៖ ប្រជាប្រិយភាព ប្រព័ន្ធកន្ត្រកខ្សែកាបបាននឹងកំពុងដណ្តើម យកតំបន់អាស៊ីដោយជោគជ័យ ហើយជាពិសេសនៅក្នុងប្រទេសជិតខាងរបស់កម្ពុជា។

នៅវៀតណាម ដាណាង សាប៉ា និងភូកុក គឺជាគោលដៅពេញនិយមបំផុតដែលបំពាក់ដោយកន្ត្រកខ្សែកាប។ នៅប្រទេសសិង្ហបុរី កន្រ្តកខ្សែកាបកំពុងតភ្ជាប់កោះសេនតូសា (Sentosa) ទៅដីគោក ហើយនៅប្រទេសម៉ាឡេស៊ី នៅលើកោះ ឡាងហ្កាវី (Langkawi) កន្រ្តកខ្សែកាបនាំទេសចរឡើងលើភ្នំ ដើម្បីផ្តល់នូវទស្សនីយភាពដ៏គួរឱ្យភ្ញាក់ផ្អើលដល់អ្នកជិះ។

គម្រោង Bay of Lights នៅខេត្តព្រះសីហនុ៖ គម្រោងកន្ត្រកខ្សែកាបដំបូងគេនៅកម្ពុជានៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន Doppelmayr Gruppe និងក្រុមហ៊ុនអភិវឌ្ឍន៍ ខានូភី សែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង Bay of Lights បានចុះហត្ថលេខាលើលិខិតសម្ដែងចេតនា ដែលមានសក្តានុពលបង្ហាញនូវគម្រោងកន្ត្រកខ្សែកាបដំបូងគេបង្អស់ ដែលមិនធ្លាប់មាននៅព្រះរាជាណាចក្រកម្ពុជា។

ការអភិវឌ្ឍគម្រោង Bay Of Lights បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលនឹងក្លាយទៅជាគម្រោងអភិវឌ្ឍដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ ក្រុមហ៊ុនអភិវឌ្ឍន៍ ខានូភី សែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍មេនៅពីក្រោយគម្រោង Bay of Lights ប្តេជ្ញាបញ្ចេញសក្តានុពលទាំងមូលរបស់ខេត្តព្រះសីហនុ និងរំពឹងថាមណ្ឌលទីក្រុងថ្មីនឹងទាក់ទាញទេសចរណ៍ចំនួន ៣លាននាក់ នៅឆ្នាំ២០៣០ បង្កើតការងារថ្មីចំនួន ៣៣០.០០០កន្លែង នៅឆ្នាំ២០៤០ និងបង្កើតលំនៅឋានថ្មីចំនួន៤០.០០០ ដល់កំណើនប្រជាជនបន្ថែមចំនួន ១៦០.០០០នាក់ នៅឆ្នាំ២០៥០។

ការអភិវឌ្ឍគម្រោង Bay Of Lights នឹងផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៦ គឺទេសចរណ៍ ការកម្សាន្ត និងរបៀបរស់នៅ សុខភាពនិងសុខុមាលភាព ការអប់រំ សិល្បៈ និងវប្បធម៌ និងសេវាហិរញ្ញវត្ថុ។ ការអភិវឌ្ឍនេះនឹងរួមមានកន្លែងទាក់ទាញសំខាន់ៗជាច្រើនដូចជា៖ កន្លែងវាយកូនហ្គោល និងរមណីយដ្ឋានវីឡា កំពង់ផែកម្សាន្ត មហោស្រពសម្ដែង ផ្លូវថ្មើរជើងសម្រាប់ទេសចរណ៍ ផ្សារទំនើប មជ្ឈមណ្ឌលវេជ្ជសាស្ត្រ មជ្ឈមណ្ឌលហិរញ្ញវត្ថុ រមណីយដ្ឋានចម្រុះ សាលារៀន និងសាកលវិទ្យាល័យអន្តរជាតិ កោះឯកជន និងវីឡាប្រណីត។ ជាមួយនឹងបណ្ដុំគម្រោងដ៏គួរឱ្យចាប់អារម្មណ៍នេះ គម្រោង Bay of Lights បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យក្លាយទៅជាមជ្ឈមណ្ឌលសកម្មភាពរីកចម្រើនទាក់ទាញភ្ញៀវទេសចរណ៍ អាជីវកម្ម និងប្រជាជនដែលរស់នៅទីនោះផងដែរ។

ដំណោះស្រាយកន្ត្រកខ្សែកាបរបស់ក្រុមហ៊ុន Doppelmayr ផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូនប្រកបដោយនវានុវត្តន៍ និងប្រកបដោយចីរភាព ដែលស្របតាមយ៉ាងល្អឥតខ្ចោះទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍគម្រោង Bay of Lights។ ជាមួយនឹងសមត្ថភាពរបស់ខ្លួនក្នុងការតភ្ជាប់ កន្លែងទាក់ទាញសំខាន់ៗជាច្រើននៅក្នុងគម្រោងអភិវឌ្ឍន៍នេះ ប្រព័ន្ធកន្ត្រកខ្សែកាបនឹងផ្តល់ឱ្យទេសចរណ៍នូវមធ្យោបាយដ៏ពិសេសប្លែក និងអស្ចារ្យដើម្បីទទួលយកបទពិសោធន៍នៃភាពស្រស់ស្អាតរបស់ខេត្តព្រះសីហនុ។ លើសពីនេះ ផលប៉ះពាល់បរិស្ថានទាប និងប្រសិទ្ធភាពថាមពលនៃប្រព័ន្ធកន្ត្រកខ្សែកាប ធ្វើឱ្យវាសមឥតខ្ចោះសម្រាប់គម្រោងដែលប្តេជ្ញាចិត្តចំពោះចីរភាព និងការថែរក្សាសម្រស់ធម្មជាតិរបស់តំបន់នេះ។

ការចុះហត្ថលេខាលើលិខិតសម្ដែងចេតនានេះរវាងក្រុមហ៊ុន Doppelmayr Gruppe និងក្រុមហ៊ុនអភិវឌ្ឍន៍ ខានូភី សែន គឺជាការបង្ហាញយ៉ាងច្បាស់អំពីសក្តានុពលនាពេលអនាគតនៃដំណោះស្រាយកន្ត្រកខ្សែកាបក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ គម្រោង Bay of Lights ផ្ដល់ឱកាសដ៏គួរឱ្យរំភើបមួយសម្រាប់ក្រុមហ៊ុន Doppelmayr ដើម្បីបង្ហាញពីឯកទេសរបស់ខ្លួនផ្នែកដំណោះស្រាយកន្ត្រកខ្សែកាបក្នុងទីផ្សារកំពុងអភិវឌ្ឍន៍នៃតំបន់អាស៊ី និងអាស៊ីអាគ្នេយ៍ ដែលជាសក្តានុពលសម្រាប់ដំណោះស្រាយនៃមធ្យោបាយដឹកជញ្ជូនប្រកបដោយចីរភាព និងប្រកបដោយនវានុវត្តន៍មានតម្រូវការខ្ពស់៕