(ភ្នំពេញ)៖ ព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើដំណើរទៅដល់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយសុវត្ថិភាពនៅមុននេះបន្តិច ដែលបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta នៅរសៀលថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។

សម្រាប់បេសកកម្មជាប្រវត្តិសាស្រ្តនេះដែរ ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC និងមានការអញ្ជើញមកទទួលស្វាគមន៍ពីលោក អុីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី និងលោក Wijaya Noeradi អគ្គលេខាធិការរង តំណាងប្រធានគណៈកម្មាធិការជាតិអូឡាំពិកជាតិឥណ្ឌូនេសុី

សូមបញ្ជាក់ថា ការដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ ទៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាននេះ ធ្វើឡើងក្រោយព្រះរាជពិធីសុំភ្លើងព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅប្រាសាទអង្គរវត្ត ក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ។

ចំពោះពិធីដង្ហែទៅកាន់បណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត ធ្វើឡើងចាប់តាំងពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣, ដោយផ្ដើមពីប្រទេសវៀតណាម រហូតដល់ប្រទេសឡាវចំណុចក្រោយគេ មុនពិធិដង្ហែចូលប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនអន្ដរជាតិខេត្តស្ទឹងត្រែង។

បេសកកម្មដ៏មានអត្ថន័យនេះ គឺបេសកជនលោក ហោ សារុន ត្រូវសហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជាប្រចាំប្រទេសនានា ហើយសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិក និងរដ្ឋអំណាចកីឡាប្រចាំប្រទេសនីមួយៗ ដើម្បីរៀបចំពិធីដ៏មានអត្ថន័យ ឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះឲ្យទទួលបានជោគជ័យ ។

ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គិអាទិទេពកីឡា នៅតាមបណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត គឺជាពេលវេលារៀបចំពិធីដង្ហែព្រះអគ្គិកីឡា តាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ និងខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨៖៣០នាទីយប់ ពោលគឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង ។

ជាមួយពិធីដង្ហែព្រះអគ្គិជ័យកីឡាដ៏មានអត្ថន័យខាងលើ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្ស-និស្សិត ទាំងក្នុងស្រុក និងក្រៅស្រុក ពិសេសអ្នករត់នៅតាមបណ្ដាប្រទេសត្រូវព្រះអគ្គីអាទិទេពកីឡាឆ្លងកាត់ សូមចូលរួមអបអរសាទរឲ្យបានច្រើនកុះករ ដើម្បីជាចំណែកមួយ ក្នុងការអបអរសាទរដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ក្រោយការរង់ចាំអស់រយៈពេល ៦៤ឆ្នាំ គឺការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

លោកបានគូសបញ្ជាក់ថា ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ មិនត្រឹមតែជាពិធីមួយ ដែលជានិមិត្តរូបតំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្ដែក៏ជាការបង្ហាញពីភាពរឹងមាំ មោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមដំបូងសន្ដិភាព ។ លើសពីនេះ ព្រះអគ្គីជ័យកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង «សហគមន៍សន្ដិភាព និងវាសនាតែមួយ»