(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាសហការជាមួយសាខាពន្ធដារខេត្តសៀមរាប និងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បន្តយុទ្ធនាការដាំដើមឈើចម្រុះប្រមាណ១,២០០ដើម នៅបរិវេណខាងលិចត្រពាំងសេស ដើម្បីអភិរក្សរមណីយដ្ឋានអង្គរឱ្យមានទេសភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ស័ក្តិសមជាតំបន់បេតិកភណ្ឌពិភពលោក។

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើមឈើមិនត្រឹមតែមានសារៈសំខាន់ខ្លាំងដល់រមណីយដ្ឋានអង្គរទាំងមូលប៉ុណ្ណោះទេ តែក៏ផ្តល់ជាប្រយោជន៍ទៅដល់មនុស្ស សត្វ និងបរិស្ថានជុំវិញផង។

ក្រោយពេលដាំរួច ដើមឈើទាំងនោះត្រូវបានថែទាំនិងស្រោចទឹកជាប្រចាំដោយក្រុមការងារអាជ្ញាធរជាតិអប្សរា ដើម្បីទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយ។ លោកអគ្គនាយករងក៏បានថ្លែងអំណរគុណដល់សាខាពន្ធដារខេត្តសៀមរាប សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងស្ថាប័នពាក់ព័ន្ធជាច្រើន រួមទាំងវិស័យឯកជនផង ដែលបានចូលរួមចំណែកក្នុងការងារដាំដុះដើមឈើឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប បានថ្លែងអំណរគុណអាជ្ញាធរជាតិអប្សរា ចំពោះការផ្តល់ឱកាសដល់ស្ថាប័នលោក បានចូលរួមក្នុងសកម្មភាពដាំដើមឈើឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ព្រោះថាដើមឈើដែលបានដាំនៅពេលនេះ ដើម្បីទុកជាប្រយោជន៍សម្រាប់មនុស្សជាតិ និងជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយ។

ឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តមានជ័យ បានបង្ហាញក្តីសប្បាយរីករាយ ក្នុងឱកាសចូលរួមយុទ្ធនាការដាំដើមឈើឡើងវិញ នៅខាងមុខប្រាសាទអង្គរ ដើម្បីលើកកម្ពស់ទេសភាពបៃតង និងចូលរួមចំណែកថែរក្សាបរិស្ថាន នៅតំបន់រមណីយដ្ឋានអង្គរ។

សូមជម្រាបថា ក្រោយពេលប្រជាជនមួយចំនួន បានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅចេញពីតំបន់អង្គរ ទៅកាន់ទីកន្លែងថ្មី ដែលរាជរដ្ឋាភិបាលបានគាំទ្រ និងផ្តល់ជូន។ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមយុទ្ធនាការដាំដើមឈើ និងស្មៅ នៅលើទីតាំងដីទំនេរ និងបានគៀរគស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការនេះ៕