(ត្បូងឃ្មុំ)៖ សាលកីឡាបាល់ទះស្នងការនគរបាលខេត្តត្បូងឃ្មុំ និងសមិទ្ធផលនានា ដែលមានតម្លៃប្រមាណ១៧៤,៧៧៥ដុល្លារ ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី តាមរយៈលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។

ពិធីសម្ពោធនេះបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងលោក ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ។ ពិធីនេះមានការអញ្ជើញចូលរួមពី អគ្គស្នងការរងនគរបាលជាតិ ស្នងការ ស្នងការរងនគរបាលខេត្តចំនួន៤ ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត អធិការស្រុក ក្រុងទាំង៧ ក្រុមកីឡាករចំនួន៣ក្រុម រួមមាន៖ កីឡាករស្នងការនគរបាលខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក មួង សុធា និងលោកអភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា សមិទ្ធផលក្លិបកីឡាដ្ឋានបាល់ទះ និងហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តត្បូងឃ្មុំ សូមសម្ដែងនូវការអរគុណដ៏ជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងលោកស្រី តាមរយៈឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ព្រមទាំងលោកឧកញ៉ា និងសប្បុរសជននានា ដែលបានផ្តល់ការឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដើម្បីជួយគាំទ្របង្កើតបានជាសមិទ្ធផលថ្មីនេះឡើង សម្រាប់បង្កលក្ខណៈងាយស្រួលដល់វិស័យអប់រំនិងកីឡា ជាពិសេសប្រភេទកីឡាបាល់ទះ ដែលជាឱកាសដល់ជួរយុវ័យឱ្យខិតខំប្រឹងប្រែងលើវិស័យនេះ ឱ្យមានការរីកចម្រើនកាន់តែប្រសើរឡើងនៅទូទាំងខេត្តត្បូងឃ្មុំ។

បើតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា បានបញ្ជាក់ពីស្ថានភាពនៃក្លិបកីឡដ្ឋានបាល់ទះរបស់ស្នងការដ្ឋាននករបាលខេត្តត្បូងឃ្មុំ ដែលត្រូវបានបង្កើតឡើង នៅខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញដឹកនាំពីសំណាក់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាលទះកម្ពុជា។ ក្នុងនោះ ក្លិបកីឡាបាលទះស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចូលរួមប្រកួតដណ្តើមពានចំនួន ០៥លើក (ថ្នាក់ជាតិ ០៣លើក និងថ្នាក់ខេត្ត ០២លើក)។

លោកស្នងការខេត្ត បានបន្ថែមថា សមិទ្ធផលនានា និងការសាងសង់អគារសាលកីឡដ្ឋានបាល់ទះ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបានបញ្ចុះបឋមសិលាកសាងកាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២ ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងលោកស្រី ដែលត្រូវចំណាយថវិកាកសាងសរុប ១៧៤,៧៧៥ដុល្លារ អគារសាលកីឡដ្ឋានបាល់ទះ បានបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ជាលទ្ធផលនៃការសាងសង់រួចរួមមាន៖ សាលកីឡដ្ឋានបាល់ទះ មានទំហំ (២៥,៥ គុណ២៧ម៉ែត្រ) និងកម្ពស់១១ម៉ែត្រ, បំពាក់ដោយអំពូលហ្វាមានទំហំ ១ពាន់វ៉ាត់ ចំនួន១២គ្រាប់ មានបន្ទប់ទឹក០៤ និងកម្ពស់ហ្វីឡេ២,៥៥ម៉ែត្រ កីឡាករសម្រាប់ប្រកួតមានចំនួន១២នាក់ ម្ខាងៗមានចំនួន០៦នាក់ ផ្លូវបេតុង និងសួនច្បារផងដែរ។

សូមបញ្ជាក់ថា ពិធីសម្ពោធសាលកីឡាបាល់ទះស្នងការនគរបាលខេត្តត្បូងឃ្មុំ នាពេលនោះក៏មានការប្រកួតកីឡាបាលទះមិត្តភាព ដែលក្រុមកីឡាករចូលរួមចំនួន ០៣ក្រុម មកពីស្នងការនគរបាលខេត្តចំនួន៣ រួមមាន៖ ក្រុមកីឡាករស្នងការនគរបាលខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តក្រចេះ។

ក្រោយការប្រកួតយ៉ាងស្វិញស្វាញ ជាលទ្ធផលក្រុមកីឡាករបាល់ទះស្នងការនគរបាលខេត្តត្បូងឃ្មុំ ទទួលបានជ័យលាភីលេខ១ ទទួលបានថវិកា ២លានរៀល ជ័យលាភីលេខ២ បានទៅលើក្រុមកីឡាករបាល់ទះស្នងការនគរបាលខេត្តកំពង់ចាម ទទួលបានថវិកា ១លាន ៥សែនរៀល និងជ័យលាភីលេខ៣ បានទៅលើក្រុមកីឡាករបាល់ទះស្នងការនគរបាលខេត្តក្រចេះ ទទួលបានថវិកា ១លានរៀលផងដែរ។ ក្នុងនោះក៏មានការឧបត្ថម្ភ ដល់ក្រុមការងារបច្ចេកទេស Live ថវិកា ៨០ម៉ឺនរៀល គណៈកម្មការបច្ចេកទេសរៀបចំការប្រកួតបាល់ទះថវិកា ១លាន ៥សែនរៀល និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ថវិកាចំនួន ១២លានរៀល៕