(បរទេស)៖ កំពូលមហាសេដ្ឋី Elon Musk កំពុងចូលរួមអំពាវនាវឱ្យផ្អាកការប្រើប្រាស់ ឬ Training System ប្រព័ន្ធប្រតិបត្តិ AI ប្រភេទ GPT-4 របស់ OpenAI ដែលទើបនឹងចេញថ្មី ក្នុងរយៈពេល ៦ខែ ក្រោមហេតុផលហានិភ័យដែលអាចកើតមានចំពោះសង្គម និងមនុស្សជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

កាលពីពេលថ្មីៗនេះវិទ្យាស្ថានបច្ចេកវិទ្យាអាមេរិក Future of Life Institute បានចេញលិខិតអំពាវនាវដល់ Developer ជាច្រើនឱ្យផ្អាកដំណើរការលើការអភិវឌ្ឍន៍ AI កម្រិតខ្ពស់ រហូតដល់ពិធីសារសុវត្ថិភាពត្រូវបានចែករំលែកសម្រាប់ការកែប្រែ អនុវត្ត និងធ្វើសវនកម្មដោយអ្នកជំនាញឯករាជ្យជាថ្មី។ តាមរយៈលិខិតអំពាវនាវមានអ្នកចូលរួមចុះហត្ថលេខាយល់ព្រមប្រមាណ ១,០០០នាក់ដោយក្នុងនោះរួមមានវត្តមាន លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Stability AI លោក Emad Mostaque, ក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុន Alphabet Inc និង មន្ទីរពិសោធន៍ចក្រភពអង់គ្លេស DeepMind រួមទាំងអ្នកជំនាញ AI លោក Yoshua Bengio និងលោក Stuart Russell ផងដែរ។

គួរជម្រាបដែរថា លិខិតនេះកើតឡើងនៅពេលដែលកម្លាំងប៉ូលីសសហភាពអឺរ៉ុប Europol កាលពីថ្ងៃច័ន្ទបានចូលរួមក្នុងការគាំទ្រនៃការព្រួយបារម្ភខាងសីលធម៌ និងផ្លូវច្បាប់លើ AI កម្រិតខ្ពស់ដូចជា ChatGPT ដោយព្រមានអំពីការប្រើប្រាស់ប្រព័ន្ធ System មិនត្រឹមត្រូវក្នុងការប៉ុនប៉ងបន្លំព័ត៌មាន និងអាចឈានដល់ការកើតមានឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត៕