(សៀមរាប)៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានចូលរួមកម្មវិធីសងទៅសង្គមរបស់អាជ្ញាធរជាតិអប្សរា ដើម្បីចែកកាបូបសិក្សាដល់សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៣ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ។

សកម្មភាពនេះមានការចូលរួមពីលោក សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន-អង្គរ នៃអាជ្ញាធរជាតិអប្សរា លោក គីស៊ីណូ សាតូរុ (KISHINO SATORU) ប្រធានការិយាល័យទំនាក់ទំនងក្រៅប្រទេស នៃស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) ព្រមទាំងមន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា លោកគ្រូ អ្នកគ្រូ។

សិស្សានុសិស្សដែលទទួលបានកាបូបសិក្សាពីអាជ្ញាធរជាតិអប្សរានៅពេលនេះសរុបចំនួន៥០នាក់ ដែលជាសិស្សរៀនពូកែ និងក្រីក្រ មកពីសាលាបឋមសិក្សាដូនឪ ត្រពាំងស្វាយ និងគោកក្រៀល។ សាលាទាំងនេះ ត្រូវបានស្ថាប័ន JQA របស់ជប៉ុន ជ្រើសរើសសម្រាប់អនុវត្តកម្មវិធីបណ្ដុះបណ្ដាលអប់រំបរិស្ថាន ដល់សិស្សានុសិស្សក្នុងតំបន់រមណីយដ្ឋានអង្គរ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេ ដែលអាជ្ញាធរជាតិអប្សរារៀបចំពិធីចែកសម្ភារសិក្សាដល់សិស្សក្នុងរមណីយដ្ឋានអង្គរ។ កន្លងមកកម្មវិធីដូចគ្នានេះធ្លាប់បានធ្វើច្រើនលើកមកហើយ ដោយចែកសម្ភារសិក្សា និងកង់ជាដើម៕