(បរទេស)៖ ក្រុមហ៊ុន Oppo និង OnePlus ចេញប្រតិកម្មភា្លមៗក្រោយមានពាក្យចចាមអារ៉ាមជាច្រើនដែលលើកឡើងថា ក្រុមហ៊ុនទាំងពីរនឹងចាកចេញពីទីផ្សារអឺរ៉ុបសំខាន់ៗរួមាន ចក្រភពអង់គ្លេស អាល្លឺម៉ង់ ហូឡង់ និងបារាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

លោក James Patterson ប្រធានផ្នែក Global PR របស់ OnePlus បានប្រាប់ GSMArena ថា «OnePlus នឹងមិនចាកចេញពីអឺរ៉ុប និងចក្រភពអង់គ្លេសឡើយ ហើយនឹងនៅតែរក្សាប្រតិបត្តិការប្រកបដោយស្ថិរភាពនៅក្នុងទីផ្សារក្នុងស្រុក។ OnePlus នឹងបន្តវិនិយោគនៅអឺរ៉ុប និងផ្តល់ផលិតផល និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀតដល់អ្នកប្រើប្រាស់របស់យើង»

ខណៈដែលអ្នកនាំពាក្យ Oppo ប្រចាំសហភាពអឺរ៉ុបបានឆ្លើយតបនឹងពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនកំពុងតែមានផែនការធំមួយសម្រាប់ឆ្នាំ២០២៣ ចំពោះទីផ្សារអឺរ៉ុបដែលមានស្រាប់ទាំងអស់ ជាពិសេសនោះគឺក្រុមហ៊ុនកំពុងតែបង្កើនការប្រកួតប្រជែងស្មាតហ្វូន Oppo Find N2 Flip ដែលជាប្រភេទ flagship-tier នៅទូទាំងសហភាពអឺរ៉ុប៕