(អាមេរិក)៖ តារាហូលីវូដជួរមុខល្បីឈ្មោះ Brad Pitt បានកាន់កាប់អចលនទ្រព្យដ៏ធំមួយនៅ ទីក្រុង Los Angeles អស់រយៈពេល ៣០ឆ្នាំ ដែលផ្ទះនោះទៀតសោត លោកក៏ធ្លាប់រស់នៅជាមួយអតីតភរិយា Angelina Jolie និងកូនៗផងដែរ។ តែយ៉ាងណានៅពេលនេះ លោកបានសម្រេចលក់ផ្ទះនោះចេញហើយ បន្ទាប់ពីកាន់កាប់រយៈពេល៣០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន International The News នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

តារាល្បី Brad Pitt បានលក់ផ្ទះរបស់លោកជាផ្លូវការនៅ Los Angeles បន្ទាប់ពីកាន់កាប់អចលនទ្រព្យជិត ៣០ឆ្នាំ និងជាកន្លែងដែលលោករស់នៅជាមួយអតីតភរិយា Angelina Jolie និងកូនៗរបស់លោក។ តារាសម្តែងដែលឈ្នះពានរង្វាន់អូស្ការរូបនេះ ដំបូងបានទិញអចលនទ្រព្យខាងលើ ក្នុងឆ្នាំ១៩៩៤ ក្នុងតម្លៃ ១.៧លានដុល្លារ។ ប្រភពបានប្រាប់ទស្សនាវដ្តី People ថា កាលពីខែមករាកន្លងទៅ លោកបានដាក់លក់ផ្ទះនេះ ក្នុងតម្លៃ៤០លានដុល្លារ។

គួរជម្រាបថា ប៉ុន្មានឆ្នាំមកនេះ គេសង្កេតឃើញថា តារាល្បី Brad Pitt បានបន្តទិញដីនៅជាប់នឹងផ្ទះដើមរបស់លោកជាបន្តបន្ទាប់ ដោយពង្រីកទីតាំងជាមួយនឹងអាងហែលទឹក ទីលានវាយកូនបាល់ និងកន្លែងជិះស្គីជាដើម៕