(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងរៀបចំព្រឹត្តិការណ៍ WWDC 2023 របស់ខ្លួននៅខែមិថុនាខាងមុខនេះ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ជាមួយនឹងការដាក់បង្ហាញនូវ iOS 17, macOS និង watchOS ជំនាន់ថ្មី និងជាពិសេសឧបករណ៍ VR ដំបូងរបស់ Apple ក៏អាចបង្ហាញខ្លួនដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

ដោយឡែកសម្រាប់ទីតាំងរៀបចំព្រឹត្តិការណ៍ WWDC នៅឆ្នាំនេះ Apple នៅមិនទាន់បញ្ជាក់នៅឡើយនោះទេ ខណៈព្រឹត្តិការណ៍កាលពីឆ្នាំ២០២០ កន្លងទៅ Apple បានរៀបចំនៅទីក្រុង San Jose រដ្ឋ California និងមានអ្នកចូលរួមរាប់ពាន់នាក់។ តាមការបញ្ជាក់ពី Apple បានឱ្យដឹងថា ខ្លួននឹងយកទីតាំងនៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា ធ្វើជាកន្លែងសម្រាប់ផ្សាយបន្តផ្ទាល់ រួមទាំងមើលការខុសត្រូវសម្រាប់អ្នកចូលរួមតាមអនឡាញផងដែរ។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ WWDC 2023 នេះApple នឹងចាប់ផ្តើមអនុញ្ញាតឱ្យមានការចូលរួមដោយផ្ទាល់ហើយ៕