(ភ្នំពេញ)៖ ភាពយន្តហូលីវូដដ៏ល្បី រឿង «Dungeons & Dragons: Hornor Among Thieves» ដែលជាភាពយន្តផ្សងព្រេងអភិនិហាបែបស្រមើស្រមៃ បានធ្លាក់មកដល់ទីផ្សារក្នុងប្រទេសកម្ពុជាហើយ និងបានប្រកាសចាក់បញ្ចាំងពីថ្ងៃនេះតទៅ នៅគ្រប់រោងភាពយន្តទំនើបនានាទូទាំងប្រទេសកម្ពុជា។

ភាពយន្តហូលីវូដរបស់ក្រុមហ៊ុន Paramount ចំណងជើង «Dungeons & Dragons: Hornor Among Thieves» បានមកដល់ទីផ្សារកម្ពុជាហើយ ដោយបានចាក់បញ្ចាំង Pre-Screening ជូនអ្នកស្នេហាវិស័យភាពយន្ត បានទស្សនាក្នុងសាល IMAX នៅរោងភាពយន្ត Major Cineplex by Smart សាខា Aeon 2 កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។

តំណាងរោងភាពយន្ត Major Cineplex បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា Dungeons & Dragons ឬហៅខ្លីៗថា D&D ជាភាពយន្តផ្សងព្រេងអភិនិហាបែបស្រមើស្រមៃ លាយឡំដោយឈុតឆាកការប្រយុទ្ធ ដែលសាច់រឿងនេះដកស្រង់ចេញពីហ្គេមដ៏ល្បីល្បាញ ជំនាន់ទសវត្សន៍ឆ្នាំ៩០។ D&D រៀបរាប់ពីចោរដ៏មានមន្តស្នេហ៍ និងគ្នីគ្នារបស់គេដែលគ្មានអ្នកណាដូច បានចាប់ផ្តើមភារកិច្ចធ្វើដំណើរផ្សងព្រេង ដើម្បីស្វែងរកវត្ថុបុរាណដែលបាត់បង់ ប៉ុន្តែរឿងរ៉ាវកាន់តែគ្រោះថ្នាក់ នៅពេលដែលពួកគេបានជួបជាមួយមនុស្សមិនគួរជួប។

តំណាងរូបនេះដដែលបានបន្តថា ពីមួយឈុតទៅមួយឈុត រឿងនេះកាន់តែប្រទាក់ប្រឡា និងកាន់តែជក់ចិត្តដិតអារម្មណ៍អ្នកទស្សនា ពិសេសសមត្ថភាពសម្តែងរបស់តារាហូលីវូដល្បីៗក្នុងរឿងនេះ រួមមាន Chris Pine, Michelle Rodriguez, Regejean Page, Justice Smith, Sophia Lillis និងតារាល្បីៗជាច្រើនរូបទៀត។ ដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់ ពោរពេញដោយឈុតឆាកប្រយុទ្ធបែបសិល្ប៍សាស្ត្រ និងភាពកំប្លុកកំប្លែង ធ្វើឲ្យអ្នកទស្សនារឹតតែញាប់ញ័រ ជាមួយសាច់រឿងនេះ។ រឹតតែពិសេស រឿងនេះចាក់បញ្ចាំងក្នុងសាល IMAX អេក្រង់យក្សដែលឧបករណ៍បំពងសំឡេងខ្លាំង ធ្វើឲ្យអ្នកទស្សនារឹតជក់ចិត្តខ្លាំងឡើង។ តំណាងរោងភាពយន្ត Major Cineplex by Smart សាខា Aeon 2 រំពឹងថា រឿង «Dungeons & Dragons: Hornor Among Thieves» នឹងទទួលបានការគាំទ្រខ្លាំងពីអ្នកទស្សនានៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺយុវវ័យ។

សូមជម្រាបថា រឿង «Dungeons & Dragons: Hornor Among Thieves» ចាប់ចាក់បញ្ចាំងតាមរោងភាពយន្តទំនើប ទូទាំងប្រទេសកម្ពុជថា ចាប់ពីថ្ងៃ៣០ ខែមីនានេះតទៅ។ កុំភ្លេចទៅទស្សនារឿងនេះឲ្យបានច្រើនកុះករ ដើម្បីទទួលយកបទពិសោធន៍សាច់រឿងថ្មីប្លែក ដែលដកស្រង់ចេញពីហ្គេមដ៏ល្បីល្បាញ ជំនាន់ទសវត្សន៍ឆ្នាំ៩០៕