(ភ្នំពេញ)៖ លោក Harry Warganegara Harun អគ្គលេខាធិការរង ទទួលបន្ទុកទំនាក់ទំនងអន្ដរជាតិ តំណាងប្រធានគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ហើយបានត្រៀមខ្លួនរួចរាល់ ដើម្បីសហការរៀបចំពិធីដង្ហែឲ្យទទួលបានជោគជ័យ នាល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស ដឹកនាំពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ អមដំណើរដោយលោកបណ្ឌិត សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់ NOCC និងលោកអ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី ជាមួយលោក Harry Warganegara Harun នៅព្រឹកថ្ងៃទី៣០ ខែមីនានេះ នៅរដ្ឋធានីហ្សាកាតា។

ការស្វាគមន៍របស់មន្ដ្រីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ី បន្ទាប់ពីព្រះអគ្គិជ័យកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ត្រូវបានធ្វើដំណើរដល់ទីក្រុងហ្សាកាតា កាលពីម្សិលមិញ ហើយបានយកទៅតម្កល់ទុកនៅស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី។ លោក Harry Warganegara Harun បានសម្ដែងសេចក្ដីរីករាយ ក្នុងការសហការរៀបចំពិធីដង្ហែឲ្យទទួលបានជោគជ័យ ខណៈពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នឹងធ្វើឡើងនៅជុំវិញពហុកីឡដ្ឋាន Gelora Bung Karno ចុងសប្ដាហ៍នេះ។

លោក ហោ សារុន បានបញ្ជាក់ថា តាមគម្រោងពិធីដង្ហែព្រះអគ្គិជ័យកីឡា លើទឹកដីឥណ្ឌូនេស៊ីនេះ គ្រោងនឹងមានអ្នកចូលរួមរត់ដង្ហែ និងអបអរសាទរប្រមាណជាង ៣០០នាក់ ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនីគុនល្បុក្កតោកម្ពុជា ដែលកំពុងប្រមូលផ្ដុំហ្វឹកហាត់នៅទីនោះផងដែរ ។ ក្នុងនាមបេសកជនពិសេស ក៏បានថ្លែងអំណរគុណ ចំពោះស្ថានទូតកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ី ដែលបានសហការ និងគាំទ្រពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះផងដែរ៕