(បរទេស)៖ តារាសម្តែងរបស់ Marvel លោក Jeremy Renner បាននិយាយថា លោកបានបាក់ឆ្អឹងជាង ៣០កន្លែង អំឡុងពេលគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុកាយព្រិលមុខផ្ទះ កាលពីខែមករាកន្លងទៅ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

តារាប្រុសវ័យ៥២ឆ្នាំរូបនេះ បានបញ្ជាក់បែបនេះប្រាប់ទស្សនិកជន អំឡុងពេលផ្តល់បទសម្ភាសន៍ជាមួយ ABC News ដែលបានចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះ ខណៈបទសម្ភាសន៍ពេញនឹងផ្សាយផ្ទាល់នៅថ្ងៃទី០៦ មេសាខាងមុខ។ នៅក្នុងឧបទ្ទវហេតុរបស់ Renner គឺបានកើតឡើងពេលលោកកំពុងកាយព្រិល នៅឯផ្ទះរបស់លោកនៅរដ្ឋ Nevada នៅពេលដែលម៉ាស៊ីនចាប់ផ្តើមរមៀលចេញ ខណៈដែលលោកមិននៅកៅអីអ្នកបើកបរ។ ​ព្រិលធំៗ​បានធ្លាក់​ទៅ​លើលោក ខណៈ​ដែល​លោក​ព្យាយាម​គេចចេញ។

គួរជម្រាបថា តារាប្រុស Renner បានសម្តែងនៅក្នុងភាពយន្តធំជាច្រើនរបស់ Marvel ជាច្រើន ក៏ដូចជានៅក្នុងរឿង Mission៖ Impossible (២០១១ និង ២០១៥), Arrival (២០១៦), American Hustle (២០១៣) និង 28 Weeks Later (២០០៧)។ តារារូបនេះ ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ «Academy Award» ក្នុងនាម «តារាសម្តែងល្អបំផុត» សម្រាប់ការសម្តែងក្នុងខ្សែភាពយន្តឆ្នាំ២០០៨ «The Hurt Locker» និង ពាន «best supporting actor» សម្រាប់ការសម្តែងរបស់លោក ក្នុងឆ្នាំ២០១០ ក្នុងខ្សែភាពយន្ត «The Town»