(ភ្នំពេញ)៖ ថ្ងៃនេះ TikTok កំពុងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំ សហគមន៍របស់ខ្លួន។ គោលការណ៍ណែនាំសហគមន៍ទាំងនេះ គឺជាវិធាននិងស្តង់ដារ សម្រាប់ជាផ្នែកមួយនៃសហគមន៍ TikTok ដែលឥឡូវនេះ មានអ្នកប្រើប្រាស់ជាង ១៥០លាននាក់នៅក្នុងសហរដ្ឋអាមេរិក និងច្រើនជាង ១ពាន់លាននាក់នៅទូទាំងពិភពលោក។ វិធានទាំងនេះ អនុវត្តចំពោះមនុស្សគ្រប់គ្នា និងមាតិកាទាំងអស់នៅលើភ្លែតហ្វមរបស់បណ្តាញទំនាក់ទំនងសង្គមមួយនេះ។

ជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពនេះ ជាលើកដំបូងហើយដែល TikTok កំពុងចែករំលែកគោលការណ៍សហគមន៍របស់ TikTok ដើម្បីជួយអ្នកប្រើប្រាស់ឱ្យស្វែងយល់ អំពីការសម្រេចចិត្តរបស់ខ្លួន ពីរបៀបដែលបណ្តាញសង្គមមួយនេះ ធ្វើការងារដើម្បីរក្សាភ្លែតហ្វមរបស់ខ្លួន ឱ្យមានសុវត្ថិភាព និងកសាងទំនុកចិត្ត ចំពោះវិធីសាស្រ្តរបស់ខ្លួន។ គោលការណ៍ទាំងនេះ គឺផ្អែកលើការប្តេជ្ញាចិត្តរបស់ TikTok ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងធ្វើឱ្យស្របតាមក្របខ័ណ្ឌច្បាប់អន្តរជាតិ។

គោលការណ៍ទាំងនេះ ដឹកនាំការសម្រេចចិត្តរបស់ TikTok អំពីរបៀបដែលភ្លែតហ្វមនេះ សម្របសម្រួលមាតិកា ដូច្នេះបណ្តាញសង្គមនេះ អាចព្យាយាមធ្វើឱ្យមានភាពត្រឹមត្រូវ នៅក្នុងសកម្មភាពរបស់ខ្លួន ការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស និងធ្វើឱ្យមានតុល្យភាពរវាងសេរីភាពនៃការបញ្ចេញមតិ និងការបង្ការមិនឱ្យមានគ្រោះថ្នាក់។

ដើម្បីជូនដំណឹងអំពីការធ្វើបច្ចុប្បន្នភាព ដ៏ទូលំទូលាយបំផុត ចំពោះគោលការណ៍ណែនាំសហគមន៍របស់ TikTok រហូតមកដល់បច្ចុប្បន្ននេះ TikTok បានពិគ្រោះយោបល់ជាមួយអង្គការ ប្រមាណជាង ១០០ស្ថាប័ននៅជុំវិញពិភពលោក រួមទាំងក្រុមប្រឹក្សាពិគ្រោះយោបល់ មាតិការសហរដ្ឋអាមេរិករបស់ខ្លួន និងសមាជិកសហគមន៍របស់ភ្លែតហ្វមនេះផងដែរ។

ការផ្តល់មតិរបស់ពួកគេបានជួយ TikTok ឱ្យពង្រឹងវិធានរបស់ខ្លួន និងឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗ និងគ្រោះថ្នាក់ដែលអាចកើតមាន នៅលើភ្លែតហ្វមនេះ។ ការផ្លាស់ប្តូរសំខាន់ៗមួយចំនួនមានដូចជា៖

* ធ្វើបច្ចុប្បន្នភាពវិធានរបស់ TikTok អំពីរបៀបដែលភ្លែតហ្វមនេះ ធ្វើការជាមួយប្រព័ន្ធផ្សព្វផ្សាយសិប្បនិម្មិត (Synthetic media) ដែលបង្កើតឡើង ឬសម្របសម្រួល ដោយបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត។
* បន្ថែមក្រុមការងារ ដើម្បីធ្វើការងារលើគោលការណ៍លុបបំបាត់ពាក្យសម្តីស្អប់ខ្ពើម និងអាកប្បកិរិយាស្អប់ខ្ពើម នៅលើភ្លែតហ្វម TikTok។
* ព័ត៌មានលម្អិតបន្ថែមអំពីការងាររបស់ TikTok ដើម្បីការពារសុចរិតភាពពលរដ្ឋនិងបោះឆ្នោត រួមទាំងវិធីសាស្រ្តរបស់បណ្តាញសង្គមមួយនេះ ក្នុងការដោះស្រាយទៅនឹងគណនីរបស់រដ្ឋាភិបាល អ្នកនយោបាយ និងគណបក្សនយោបាយ។

គោលការណ៍ណែនាំសហគមន៍ថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី២១ ខែមេសា។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ TikTok នឹងផ្តល់ការបណ្តុះបណ្តាលបន្ថែម ដល់អ្នកសម្របសម្រួលរបស់ខ្លួន ដើម្បីជួយអនុវត្តវិធាន និងស្តង់ដារសហគមន៍ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពទាំងនេះ ប្រកបដោយប្រសិទ្ធភាព នៅពេលដែលវិធាន និងស្តង់ដារសហគមន៍ទាំងនេះ ចាប់ផ្តើមដាក់ដំណើរការ។

TikTok បាននាំយកវិធាន និងស្តង់ដារសហគមន៍របស់ខ្លួន ទៅកាន់ទីកន្លែងតែមួយ ដូច្នេះអ្នកប្រើប្រាស់ទាំងអស់រាប់ ចាប់ពីអ្នកបង្កើតមាតិការរហូតដល់អ្នកស្រាវជ្រាវ អាចទទួលបាននូវអ្វីដែលពួកគេត្រូវការ ដោយផ្អែកលើមតិកែលម្អ ដែលបណ្តាញសង្គមមួយនេះ ទទួលបាន។ TikTok បានកែលម្អរបៀបដែលភ្លែតហ្វមនេះរៀបចំវិធានរបស់ខ្លួនតាមប្រធានបទផ្សេងៗគ្នា ហើយសម្រាប់ប្រធានបទនីមួយៗទាំងនេះ (ដូចជាអាកប្បកិរិយា និងសុខភាពផ្លូវចិត្ត) ដំបូងភ្លែតហ្វមនេះ ពន្យល់ដោយសង្ខេបអំពីសកម្មភាពដែលខ្លួន មិនអនុញ្ញាតឱ្យមាននៅលើភ្លែតហ្វមរបស់ខ្លួន ហើយបន្ទាប់មកផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតដូចជា និយមន័យ និងសកម្មភាពជាច្រើនផ្សេងទៀត ដែលអ្នកប្រើប្រាស់អាចធ្វើឡើង។ TikTok ក៏បានដាក់ចេញសសរស្តម្ភចំនួនបួន នៃវិធីសាស្រ្តរបស់ខ្លួន ក្នុងការសម្របសម្រួលផងដែរ ដែលមានដូចជា៖

១៖ លុបចោលមាតិកាបំពានគោលការណ៍សហគមន៍

២៖ កម្រិតមាតិកាសម្រាប់តែមនុស្សពេញវ័យ ដូច្នេះមានតែមនុស្សពេញវ័យ (អាយុ ១៨ ឆ្នាំឡើងទៅ) ប៉ុណ្ណោះដែលអាចទទួលបានមាតិកានោះ។ (សូមរំឭកថា មាតិកានេះនៅតែត្រូវប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍ណែនាំសហគមន៍របស់ TikTok ដដែល)។

៣៖ ធ្វើឱ្យមាតិកាដែលមិនសមរម្យសសម្រាប់ទស្សនិកជនទូលំទូលាយ មិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការណែនាំនៅក្នុងទំព័រ For You feed ឡើយ។

៤៖ ផ្តល់សិទ្ធិដល់សហគមន៍របស់ TikTok ជាមួយនឹងឧបករណ៍ព័ត៌មាន និងធនធាននានា ដើម្បីគ្រប់គ្រងការទទួលបានមាតិកាផ្សេងៗ។

ការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំសហគមន៍របស់ TikTok នៅថ្ងៃនេះ ក៏ពង្រីកយុទ្ធសាស្ត្រអនុវត្តរបស់បណ្តាញសង្កមមួយនេះផងដែរ ដែលធ្វើឡើងតាមរយៈ៖
* ចែករំលែកព័ត៌មានបន្ថែម អំពីសកម្មភាពដែល TikTok ធ្វើប្រឆាំងនឹងគណនី ដែលរំលោភបំពានវិធានរបស់ខ្លួន បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពរបស់យើង កាលពីដើមឆ្នាំនេះ និងបញ្ជាក់ឱ្យបានច្បាស់ថា TikTok មិនអនុញ្ញាតឱ្យមានការប្រើប្រាស់គណនីច្រើន ដើម្បីរំលោភបំពានគោលការណ៍របស់ខ្លួន ដោយចេតនាឡើយ។
* ពន្យល់អំពីការពិចារណារបស់ TikTok ក្នុងការអនុវត្តវិធានរបស់ខ្លួន ដោយផ្អែកលើផលប្រយោជន៍សាធារណៈ និងវិធីសាស្រ្តរបស់បណ្តាញសង្គមនេះ ចំពោះមាតិកាដែលរិះគន់បុគ្គលសាធារណៈ។
* បញ្ចូលព័ត៌មានលម្អិតបន្ថែមទៀត អំពីរបៀបដែល TikTok ប្រើស្លាកព័ត៌មាន ការព្រមាន និងការប្រាប់ដំណឹងជាមុន។

TikTok មានមោទនភាពក្នុងការចែករំលែក គោលការណ៍ណែនាំសហគមន៍ ដែលបានកែលម្អទាំងនេះ ដោយផ្តល់ជូនសហគមន៍របស់ខ្លួន នូវតម្លាភាពខ្លាំងជាងមុនអំពីវិធានរបស់ខ្លួន និងរបៀបដែលភ្លែតហ្វមនេះ អនុវត្តវិធានទាំងនេះ។ ការការពារសុវត្ថិភាពមនុស្ស នៅលើអ៊ីនធឺណិត គឺត្រូវការកម្លាំង និងធនធានច្រើន។ ដូច្នេះ TikTok សូមថ្លែងអំណរគុណ ចំពោះអ្នកគ្រប់គ្នានៅក្នុងសហគមន៍ TikTok និងចំពោះអ្នកជំនាញខាងក្រៅទាំងអស់ ដែលបានចូលរួមចំណែក និងបន្តជួយភ្លែតហ្វមនេះ ឱ្យធ្វើបច្ចុប្បន្នភាពវិធានរបស់ខ្លួន និងបន្តបោះជំហានទៅមុខមួយជំហានទៀត មុនពេលមានការគំរាមកំហែងផ្សេងៗ។

TikTok ជឿថា មនុស្សគ្រប់គ្នាស័ក្ដិសមនឹងទទួលបានអារម្មណ៍សុវត្ថិភាព នៅលើប្រព័ន្ធអ៊ីនធឺណិត ហើយអារម្មណ៍សុវត្ថិភាពនេះ គឺជាគន្លឹះក្នុងការបញ្ចេញការស្រមើលស្រមៃ និងការបញ្ចេញមតិប្រកបដោយភាពច្នៃប្រឌិតនានា។ នេះហើយជាមូលហេតុដែលភ្លែតហ្វមនេះ បន្តវិនិយោគលើការងាររបស់ខ្លួនដើម្បីរក្សា TikTok ឱ្យក្លាយជាទីកន្លែងដែលមានសុវត្ថិភាព ប្រកបដោយបរិយាបន្ន និងទំនុកចិត្តសម្រាប់សហគមន៍ពិភពលោករបស់ខ្លួន ដើម្បីឱ្យអ្នកប្រើប្រាស់អាចបង្កើតមាតិកា ស្វែងរកមាតិកា និងផ្សារភ្ជាប់ទំនាក់ទំនងនឹងគ្នាបាន៕