(ភ្នំពេញ)៖ ប្រតិភូគណៈកម្មាធិការជាតិ CAMSOC និងមន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ី នៅល្ងាចថ្ងៃទី៣១ ខែមីនានេះ បានចុះពិនិត្យទីតាំងនៅពហុកីឡដ្ឋានជាតិឥណ្ឌូនេស៊ី (Gelora Bung Karno) នៅរដ្ឋធានីហ្សាកាតា ដើម្បីត្រៀមរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាល្ងាចថ្ងៃទី០១ ខែមេសាស្អែកនេះ។

ការចុះពិនិត្យទីតាំងរៀបចំពិធីដ៏មានអត្ថន័យ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ មានការចូលរួមពីដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជន តំណាងគណៈកម្មាធិការជាតិ CAMSOC អមដំណើរដោយលោកបណ្ឌិត សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមានការចូលរួមពីលោក អ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី ព្រមទាំងមន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ីជាច្រើនទៀត ។

តាមការបញ្ជាក់របស់លោក ហោ សារុន ខាងភាគីឥណ្ឌូនេស៊ី បានផ្ដល់ការស្វាគមន៍ និងកិច្ចសហប្រតិបត្តិការយ៉ាងកក់ក្ដៅ ជាមួយស្ថានទូតកម្ពុជា ដើម្បីរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាកាតា នាល្ងាចថ្ងៃសៅរ៍ស្អែកនេះឲ្យទទួលបានជោគជ័យ។

តាមគម្រោងនឹងមានអ្នកចូលរួមប្រមាណជាង ៣០០នាក់ ក្នុងនោះក៏មានមន្ដ្រីទូតបណ្ដាប្រទេសអាស៊ាន និងកីឡាករគុនល្បុក្កតោ ដែលកំពុងហ្វឹកហាត់នៅទីនោះចូលរួមរត់ដង្ហែ និងអបអរសាទរផងដែរ បន្ទាប់ពីពិធីដង្ហែនេះ ទទួលបានជោគជ័យក្នុងការរៀបចំនៅប្រទេសវៀតណាម និងហ្វីលីពីន កាលពីថ្មីៗ៕