(កំពង់ធំ)៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សារយៈពេល៣ថ្ងៃ នៅខេត្តកំពង់ធំ ដើម្បីជ្រើសរើសជើងឯកទៅប្រកួតថ្នាក់ជាតិ ត្រូវបានបញ្ចប់ដោយជោគជ័យសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ លើវិញ្ញាសាកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម និងកីឡាប៉េតង់ នាល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ នៅវិទ្យាល័យកំពង់ធំ។
ថ្លែងក្នុងឱកាសនោះ លោក លី វេត អភិបាលរងខេត្តកំពង់ធំ បានជំរុញសិស្សានុសិស្សទាំងអស់ ឲ្យនាំគ្នាលេងកីឡាដើម្បីសុខភាពល្អ មានទំនាក់ទំនងមានមេត្រីភាព និងមានសាមគ្គីភាពព្រមទាំងដើម្បីជៀសឲ្យផុតពីគ្រឿងញៀន។
លោកបន្ដថា ការលេងកីឡាត្រូវលេងទៅតាមលក្ខណៈបច្ចេកទេស សីលធម៌ យុត្តិធម៌ និងប្រកបដោយឆន្ទៈមុតមាំ ហើយចេះគោរពដៃគូប្រកួតរបស់ខ្លួន ព្រោះការប្រកួតត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុង ធ្វើការួបរួមគ្នាសាមគ្គីគ្នាឈ្នះដោយកិត្តិយស ចាញ់ដោយកិត្តិយស ហើយក្នុងនាមជាយុវជនម្នាក់ៗ ត្រូវមានជំនាញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត។
លោកបានគូសបញ្ជាក់ទៀតថា បើទោះបីយើងលេងកីឡាក៏ដោយ យើងមិនត្រូវភ្លេចការសិក្សាដែរ ក្នុងនាមយើងជាយុវជនត្រូវខិតខំរៀនសូត្រ ដើម្បីឲ្យក្លាយជាពលរដ្ឋល្អក្នុងការបម្រើសង្គមជាតិ។ លោក លី វេត បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញឿនវាបំផ្លាញអនាគតរបស់យើង និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍។
លោក ឃឹម សេង ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានបញ្ជាក់ថា លើកនេះការប្រកួតជ្រើសរើសជើងឯកប្រចាំខេត្ត ដែលមានកីឡាករសរុបចំនួន៧១០នាក់ ស្រី៣១៤នាក់ ក្នុងនោះកីឡាបាល់ទាត់មាន ១៧ក្រុម កីឡាករបុរស១៦២នាក់ និងស្រី១៤៤នាក់, កីឡាបាល់ទះមាន ១៥ក្រុម កីឡាករបុរស ១០៨នាក់ និងស្រី ៧២នាក់, កីឡាបាល់បោះមាន ០៦ក្រុម កីឡាករបុរស ៤៨នាក់ និងស្រី ២៤នាក់, កីឡាអត្តពលកម្មមាន ១៨ក្រុម កីឡាករបុរស ៥៤នាក់ និងស្រី ៥៤នាក់ និងកីឡាប៉េតង់មាន ១១ក្រុម កីឡាករបុរស ២៤នាក់ និងស្រី ២០នាក់។
លទ្ធផលបាល់បោះនារីលេខ១ បានទៅលើក្រុងស្ទឹងសែន, បាល់បោះបុរស បានទៅលើស្រុកបារាយណ៍, បាល់ទះនារីបានទៅលើក្រុងស្ទឹងសែន, បាល់ទះបុរស បានទៅលើស្រុកសន្ទុក, បាល់ទាត់នារី បានទៅលើក្រុងស្ទឹងសែន និងបាល់ទាត់បុរស បានទៅលើក្រុងស្ទឹងសែន។
ដោយឡែក កីឡាប៉េតង់ វិញ្ញាសាវាយទោលនារីលេខ១ បានទៅលើវិទ្យាល័យតាអោក ស្រុកប្រាសាទសំបូរ, វាយទោលបុរស បានទៅលើវិទ្យាល័យទួលក្បិល ស្រុកកំពង់ស្វាយ, ៣នាក់ទល់នឹង ៣នាក់នារី បានទៅលើវិទ្យាល័យតាអោក ស្រុកប្រាសាទសំបូរ និង៣នាក់ទល់នឹង៣នាក់បុរស បានទៅលើវិទ្យាល័យទួលក្បិល ស្រុកកំពង់ស្វាយ៕