(ឡុងដ៍)៖ កីឡាករវាយតេន្នីសរុស្ស៊ី និងបេឡារុស្ស នឹងត្រូវអនុញ្ញាតឲ្យចូលរួមប្រកួតនៅឯព្រឹត្តិការណ៍ Wimbledon ឆ្នាំនេះ បន្ទាប់ពីអ្នករៀបចំបានប្រកាសនៅថ្ងៃសុក្រថា ពួកគេបានដកការហាមឃាត់ ដែលបានដាក់កាលពីឆ្នាំ២០២២ ជាការឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។
កីឡាករមកពីប្រទេសទាំងពីរ នឹងអាចចូលរួមប្រកួតដណ្តើមពានរង្វាន់កម្រិត Grand Slam នៅខែកក្កដាបាន ប្រសិនបើពួកគេប្រកួតក្នុងនាមអត្តពលិក "អព្យាក្រឹត" និងអនុលោមតាមលក្ខខណ្ឌជាក់លាក់។
កីឡាករ នឹងត្រូវហាមឃាត់ ពីការបង្ហាញការគាំទ្រចំពោះការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ហើយកីឡាករដែលទទួលបានមូលនិធិពីរដ្ឋរុស្ស៊ី ឬក៏បេឡារុស្ស ក្នុងនោះរួមទាំងការឧបត្ថម្ភ ពីក្រុមហ៊ុនដែលគ្រប់គ្រង ឬក៏ប្រតិបត្តិការដោយរដ្ឋ នឹងត្រូវបានហាមឃាត់ផងដែរ។
All England Club ដែលជាក្លិបរៀបចំព្រឹត្តិការណ៍ Wimbledon បានលើកឡើងថា «ស្ថានភាពបានវិវឌ្ឍន៍ដោយប្រុងប្រយ័ត្ន» បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលអង់គ្លេស, សមាគមតេន្នីសអង់គ្លេស (LTA) និងស្ថាប័នគ្រប់គ្រងតេន្នីសអន្តរជាតិ។
លក្ខខណ្ឌដូចគ្នានេះ នឹងត្រូវដាក់ឲ្យអនុវត្ត សម្រាប់ព្រឹត្តិការណ៍ប្រកួតតេន្នីសផ្សេងទៀតនៅអង់គ្លេស។
គួររំលឹកថា Wimbledon កាលពីឆ្នាំមុន បានហាមឃាត់កីឡាករមកពីរុស្ស៊ី និងប្រទេសសម្ព័ន្ធមិត្តបេឡារុស្ស បន្ទាប់ពីការឈ្លានពានលើអ៊ុយក្រែន ហើយ LTA ក៏បានហាមឃាត់កីឡាករ ក្នុងការចូលរួមព្រឹត្តិការណ៍ផ្សេងទៀតផងដែរ៕