(ក្រុងឡុងដ៍)៖ លោក Thomas Tuchel ដែលកំពុងដឹកនាំក្លិបក្នុងស្រុក Bayen Munich នោះបានថ្លែងពីអារម្មណ៍ឈឺចាប់នៅតែបន្តកើតមាន នៅពេលក្លិបតោខៀវ Chelsea បញ្ចប់តំណែងលោកមុនកាលកំណត់។

បុរសសញ្ជាតិអាល្លឺម៉ង់ វ័យ ៤៩ឆ្នាំបានថ្លែងក្នុងសន្និសីទមុនដឹកនាំ Bayern ប្រកួតទល់នឹងក្រុមចាស់ Borussia Dortmund របស់លោកថា «Chelsea បានដកតំណែងខ្ញុំ ក្រោយពេលកិច្ចប្រជុំតែប៉ុន្មាននាទីប៉ុណ្ណោះ។ ខ្ញុំមានអារម្មណ៍ចំឡែក និងតក់ស្លុតខ្លាំងណាស់នាពេលនោះ ជាពេលដែលខ្ញុំបានបើកបរឡានទៅកាន់ទីលានហ្វឹកហាត់ផងដែរ។ ខ្ញុំមានអារម្មណ៍មិនធម្មតាឡើយ ក្នុងកិច្ចប្រជុំបន្ទាន់ដែលរៀបចំឡើងរយៈពេលខ្លីតែ ៣ទៅ៥នាទីប៉ុណ្ណោះ»។

តែយ៉ាងណា លោក Tuchel បានចាត់ទុកថា ការសម្រេចចិត្តនោះប្រកបដោយភាពយុត្តិធម៌ និងកិត្តិយស ក៏ប៉ុន្តែវាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់គ្រប់គ្នា ដោយពុំមានការពិភាក្សាវែងឆ្ងាយ។

លោក Tuchel ត្រូវបានម្ចាស់ក្លិបថ្មីលោក Todd Boehly ដែលទើបកាន់កាប់តោខៀវ Chelsea បាន ១០០ថ្ងៃបញ្ចប់តំណែង ដោយដាក់ជំនួសវិញដោយលោក Graham Potter ភ្លាមៗតែម្តង។

វត្តមានលោក Thomas Tuchel ក្នុងកីឡដ្ឋាន Stamford Bridge បានដឹកនាំ Chelsea ឈ្នះជើងឯក UEFA Champions League ត្រឡប់មកវិញនាខែឧសភា ឆ្នាំ២០២១ ជាពានរង្វាន់មួយ ក្នុងចំណោម៣ នៃរយៈពេល ២០ខែជាមួយក្លិបស្ថិតនៅទីក្រុង London មួយនេះ ដែលត្រូវបានគេបោះឆ្នោតជាប់ជាគ្រូបង្វឹកល្អបំផុតក្នុងលោកនារដូវកាលដ៏ជោគជ័យនោះដែរ៕