(ម៉ាឡេស៊ី)៖ ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ប៉ះក្រុមម៉ាឡេស៊ី A នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ Tri-Nation Volleyball Cup 2023 ដែលការប្រកួតនេះធ្វើឡើងនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះ។ នាម៉ោង០៨៖០០នាទីយប់នេះ (ម៉ោងនៅកម្ពុជា)។

ស្ថិតនៅក្នុងដំណើប្រកួតស្វែងរកកៅអីឈានទៅដល់វគ្គផ្តាច់ព្រ័ត្រនេះ ជុំវិញការប្រកួតក្រុមបាល់ទះកម្ពុជា បានយកឈ្នះក្រុមម៉ាឡេស៊ី B លទ្ធផល ៣-០សិត នៃលំដាប់ពិន្ទុ (២៥ - ១៦ , ២៥ - ២១ , ២៥ - ១៧), ដ្បិតកាលពីការប្រកួតទី១ របស់ក្រុមកម្ពុជា បានចាញ់ក្រុមម៉េឡេស៊ី (Team A) លទ្ធផល ៣-០សិត ហើយប្រកួតទី២ បានយកឈ្នះក្រុមសិង្ហបុរី ៣-០សិត។ ខណៈវគ្គផ្តាច់ព្រ័ត្រនេះក៏អាចជាការប្រជែងសងសឹកទល់នឹងម៉ាឡេស៊ី A វិញផងដែរ។

រំលឹកផងថា បើតាមការឲ្យដឹងពីលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ការប្រកួតពានរង្វាន់មិត្ដភាពអន្ដរជាតិនេះ គឺដើម្បីវាស់ស្ទង់ និងពង្រឹងសមត្ថភាពក្រុមជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ។ ដែលការប្រកួតនេះមាន ៣ប្រទេសចូលរួម ដោយមានម្ចាស់ផ្ទះម៉ាឡេស៊ី ២ក្រុម(ក្រុមធំ និងយុវជន) សិង្ហបុរី ១ក្រុម និងកម្ពុជា ១ក្រុម។

លោកបន្ដថា «ជំនួបពានរង្វាន់ Tri-Nation Cup នេះ ទាំងសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា គឺសុទ្ធតែពង្រឹងសមត្ថភាពរៀងៗខ្លួន ជាក់ស្ដែងបន្ទាប់ពីស៊ីហ្គេម នៅវៀតណាម ខ្ញុំគិតថា បណ្ដាប្រទេសក្នុងតំបន់របស់យើង គឺពង្រឹងរៀងៗខ្លួន ទាំងកីឡាករ និងគ្រូបង្វឹកជាដើម។ ដូច្នេះការប្រជែងស៊ីហ្គេម ឆ្នាំ២០២៣ នេះ មិនមែនជាការងារស្រួលទេ ក្នុងការប្រកួតប្រជែងដណ្ដើមមេដាយមាស, អ៊ីចឹងយើងក៏ចង់បាន គេក៏ចង់បាន»។

លោកបន្ថែមទៀតថា «ដូច្នេះដើម្បីឈានដល់មហិច្ឆតាយើងដាក់គោលដៅរួមគ្នានោះ ទាល់តែយើងខ្លួនឯង ពិសេសកីឡាករ ត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ដាក់ចិត្តដាក់កាយ យកបេះដូងមកហ្វឹកហាត់ ដើម្បីស្វែងរកមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះ»។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា ក្រោយត្រឡប់ពីចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិខាងលើ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិក្នុងស្រុក ២ប្រកួតទៀត ដោយគ្រោងជួបក្រុមលំដាប់លេខ១ មកពីខេត្តសាន់តូវ ប្រទេសចិន នាថ្ងៃទី០៥ និងថ្ងៃទី០៧ ខែមេសាខាងមុខ ដែលជាការប្រកួតត្រៀមចុងក្រោយ មុនការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ មកដល់៕