(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors គ្រោងនឹងបញ្ឈប់ការប្រើប្រាស់បច្ចេកវិទ្យា CarPlay របស់ Apple និង Android Auto ដែលបានបំពាក់នៅលើរថយន្តអគ្គិសនីរបស់ខ្លួនដោយប្តូរមកប្រើប្រាស់បច្ចេកវិទ្យាខាងក្រុមហ៊ុន Google ជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។

បច្ចុប្បន្ននេះរថយន្តអគ្គិសនីរបស់ GM ត្រូវបានបំពាក់ប្រព័ន្ធដំណើរការ (System) Apple CarPlay និង Android Auto ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចភ្ជាប់ស្មាតហ្វូនទៅនឹងអេក្រង់ដែលមានបំពាក់ស្រាប់នៅក្នុងរថយន្តអគ្គិសនី។

ដោយឡែកការសម្រេចចិត្តថ្មីៗរបស់ GM នេះរថយន្តអគ្គិសនីជំនាន់ថ្មីបន្ទាប់នឹងមិនចេញមកជាមួយនឹងបច្ចេកវិទ្យា CarPlay និង Android Auto បន្តទៀតនោះទេ។ បើតាមការបញ្ជាក់ពី GM គេនឹងចាប់ផ្តើមបញ្ឈប់ការផ្តល់ជូន System ទាំងនោះនៅក្នុងរថយន្តអគ្គិសនីនាពេលអនាគត ដោយចាប់ផ្តើមជាមួយនឹងរថយន្ត Chevrolet Blazer ស៊េរីឆ្នាំ២០២៤ ខាងមុខនេះ។ ប៉ុន្តែចំពោះបច្ចេកវិទ្យា CarPlay និង Android Auto ដែលបានបំពាក់រួចរាល់នឹងនៅតែអនុញ្ញាតឱ្យប្រើប្រាស់បាន ដោយគ្រាន់តែមិនបន្តការប្រើប្រាស់នៅលើរថយន្តអគ្គិសនីជំនាន់ថ្មីប៉ុណ្ណោះ។

យ៉ាងណាមិញជុំវិញមូលហេតុបញ្ឈប់បច្ចេកវិទ្យាទាំងនេះ ក្រុមហ៊ុន GM មិនទាន់មានរបាយការណ៍បញ្ជាក់លម្អិតនោះទេ តែបើយោងតាមខ្លឹមសារចេញផ្សាយ GM ទំនងជាទទួលបានអត្ថប្រយោជន៍ច្រើនពីក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google ដោយដំណើរការ System របស់ពួកគេនឹងចេញមកជាមួយនឹងជម្រើសប្រើប្រាស់បានច្រើនជាងមុន រួមជាមួយ ការបំពាក់ Google Map និង Google Assistant ហើយថែមទាំងអនុញ្ញាតឱ្យប្រើប្រាស់ដោយមិនគិតថ្លៃរហូតដល់រយៈពេល ៨ឆ្នាំឯណោះ។ លើសពីនេះទៅទៀតបច្ចេកវិទ្យាជំនាន់ថ្មីរបស់ Google នឹងមានផ្តល់ជូននូវកម្មវិធីបន្ថែមទៀតដូចជា សេវាតន្រី្តរបស់ Spotify សេវាកម្ម Audible និងសេវាកម្មជាច្រើនទៀតដែលមាននៅលើស្មាតហ្វូន ហើយគេត្រៀមនឹងបញ្ចូលទៅក្នុង System របស់ Google។

គួរបញ្ជាក់ដែរថា ភាពជាដៃគូររបស់ GM និង Google បានកើតឡើងតាំងពីឆ្នាំ២០១៩ មកម្លេះ ខណៈក្រុមហ៊ុនទាំងពីរបានធ្វើការជាមួយគ្នាទៅលើដំណើរការផ្សេងៗនៅក្នុងរថយន្តបានជាច្រើនរួចមកហើយ៕