(បរទេស)៖ អ្នកជំនាញ AI ចំនួន ៤រូបកំពុងចេញប្រតិកម្មមិនពេញចិត្តទៅលើកំពូលមហាសេដ្ឋីលោក Elon Musk បន្ទាប់ពីបានចូលរួមអំពាវនាវឱ្យមានការផ្អាកជាបន្ទាន់នូវដំណើរការ AI រយៈពេល ៦ខែកាលពីសប្តាហ៍មុននេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងលិខិតចំហរមួយដែលបានចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ដោយវិទ្យាស្ថានបច្ចេកវិទ្យាអាមេរិក Future of Life Institute បានអំពាវនាវឱ្យ Developer ផ្អាកដំណើរការ AI ដែលមានថាមពលខ្លាំងជាង «GPT-4» របស់ Open AI មួយរយៈសិន ដោយលើកហេតុផលថា វាអាចមានហានិភ័យខ្លាំងចំពោះសង្គម និងមនុស្សជាតិ។ តាមរយៈការដាក់ចេញនេះមានអ្នកចូលរួមគាំទ្រ និងបានចុះហត្ថលេខាយល់ព្រមប្រមាណ ១,៨០០នាក់នៅថ្ងៃសុក្រសប្តាហ៍មុន ដោយក្នុងនោះក៏មានវត្តមានរបស់ Elon Musk ចូលរួមអំពាវនាវផងដែល ដែលធ្វើឱ្យអ្នកជំនាញ AI កាន់តែសង្ស័យថា Musk អាចនឹងនៅពីក្រោយលិខិតចំហរនេះ។

ចាប់តាំងពី ChatGPT ជំនាន់មុនរបស់ GPT-4 បានចេញផ្សាយមានក្រុមហ៊ុនគូរប្រជែងជាច្រើនបានចេញផលិតផលស្រដៀងគ្នានេះ ដែលបានធ្វើឱ្យវាជា ករណីរសើបមួយដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញថា «ប្រព័ន្ធ AI ឆ្លាតវៃប្រកួតប្រជែងនឹងសមត្ថភាពមនុស្ស» នឹងបង្កហានិភ័យខ្លាំងដល់មនុស្សជាតិ។ ចាប់តាំងពីពេលនោះមក ក្រុមសង្គមស៊ីវិលនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានជម្រុញឱ្យសមាជិកសភាបង្កើនការរឹតបន្តឹងលើការគ្រប់គ្រង និងស្រាវជ្រាវរបស់ក្រុមហ៊ុន Open AI៕