(ហ្សាកាតា)៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្ដើមពិធីដង្ហែហើយ នៅល្ងាចថ្ងៃទី០១ ខែមេសានេះ នៅរដ្ឋធានីហ្សាកាតា ដោយមានអ្នកចូលរួមប្រមាណ ៤០០នាក់ ក្នុងនោះក៏មានការចូលរួមពីក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោកម្ពុជា ដែលកំពុងចែករំលែកបទពិសោធន៍ដល់ក្រុមឥណ្ឌូនេស៊ី ក៏ដូចជាធ្វើការហ្វឹកហាត់កីឡាបញ្ចសិលានៅទីនោះផងដែរ ។

ពិធីដង្ហែនេះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិឥណ្ឌូនេស៊ី (Gelora Bung Karno) ដោយរត់ជុំវិញស្ដាត ក្រោមវត្តមានលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC អមដំណើរដោលោកបណ្ឌិត សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់ NOCC, លោក អ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី, លោក Muhadjir Effendy រដ្ឋមន្ដ្រីស្ដីទីក្រសួងយុវជន និងកីឡាឥណ្ឌូនេស៊ី និងលោក Raja Sapta Oktohari ប្រធានគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ី ព្រមទាំងមានការចូលរួមពីឯកអគ្គរាជទូត និងមន្ដ្រីទូតបណ្ដាប្រទេសក្នុងតំបន់ជាច្រើនផងដែរ ។

ឆ្លៀតឱកាសនោះដែរ លោក ហោ សារុន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះកិច្ចសហការប្រតិបត្តិការរបស់ភាគីឥណ្ឌូនេស៊ី ក្នុងការរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា ក៏ដូចជាថ្នាក់ដឹកនាំ មន្ដ្រីទូត និងកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមរត់ដង្ហែ និងអបអរសាទរពិធីដ៏មានអត្ថន័យនេះ ។

លោកបន្ដថា «កម្ពុជា និងឥណ្ឌូនេស៊ី មានទំនាក់ទំនងជាមួយគ្នាស្ទើរតែគ្រប់វិស័យ ក្នុងនោះវិស័យកីឡាក៏មានតួនាទីសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ ដូច្នេះពិធីដង្ហែព្រះអគ្គីកីឡានាថ្ងៃនេះ គឺជាសក្ខីភាពមួយទៀតបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ស្មារតីកីឡា និងបណ្តុះទឹកចិត្តស្រឡាញ់កីឡា ជាពិសេសលើកកម្ពស់ស្មារតីកីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងឆ្នាំ២០២៣»

«កម្ពុជា មិនត្រឹមតែបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមប៉ុណ្ណោះទេ កម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងអ្នកទស្សនាផងដែរ។ កម្ពុជាក៏បានចាត់ទុកឆ្នាំ២០២៣ ជាឆ្នាំប្រកបដោយអត្ថន័យដ៏សំខាន់ និងជាឆ្នាំដ៏ល្អសម្រាប់ទេសចរមកទស្សនាកម្ពុជា ហើយកម្ពុជាក៏បានដាក់ចេញយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ឆ្នាំ២០២៣»«កីឡាគាំទ្រទេសចរណ៍ ទេសចរណ៍គាំទ្រកីឡា កីឡាលើកកម្ពស់ទេសចរណ៍ ទេសចរណ៍លើកកម្ពស់កីឡា»

គួរដឹងថា ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ាននេះ កើតឡើងក្រោយព្រះរាជពិធីសុំភ្លើងព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅប្រាសាទអង្គរវត្ត ដែលប្រារព្ធធ្វើឡើងក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ ។ ចំពោះការដង្ហែតាមបណ្ដាប្រទេសសមាជិកទាំង ១០ បានធ្វើឡើង ចាប់ពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី២៧ ខែមេសា មុនត្រឡប់ចូលកម្ពុជាវិញ ខណៈឥណ្ឌូនេស៊ី គឺជាប្រទេសទី៣ បន្ទាប់ពីវៀតណាម និងហ្វីលីពីន ដែលរៀបចំពិធីដង្ហែនេះ ។

ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គីអាទិទេពកីឡា នៅបណ្ដាប្រទេសតំបន់អាស៊ាន គឺជាពេលវេលារៀបចំពិធីដង្ហែព្រះអគ្គិកីឡា តាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម ដោយចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨៖៣០នាទីយប់ ពោលគឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង។

ជាមួយពិធីដង្ហែព្រះអគ្គិជ័យកីឡាដ៏មានអត្ថន័យខាងលើ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្ស-និស្សិត ទាំងក្នុងស្រុក និងក្រៅស្រុក ពិសេសអ្នករត់នៅតាមបណ្ដាប្រទេសត្រូវព្រះអគ្គីអាទិទេពកីឡាឆ្លងកាត់ សូមចូលរួមអបអរសាទរឲ្យបានច្រើនកុះករ ដើម្បីជាចំណែកមួយ ក្នុងការអបអរសាទរដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ក្រោយការរង់ចាំអស់រយៈពេល ៦៤ឆ្នាំ គឺការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

លោកថា ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ មិនត្រឹមតែជាពិធីមួយ ដែលជានិមិត្តរូបតំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្ដែក៏ជាការបង្ហាញពីភាពរឹងមាំ មោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមដំបូងសន្ដិភាព ។ លើសពីនេះ ព្រះអគ្គីជ័យកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង «សហគមន៍សន្ដិភាព និងវាសនាតែមួយ»