(បរទេស)៖ លោក Elon Musk ត្រូវបានគេរាយការណ៍មកថា កំពុងរៀបចំផែនការទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន ដោយរំពឹងថានឹងបានជួបជាមួយនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសចិនគឺលោក Li Qiang។ នេះបានយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។

ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងថា មហាសេដ្ឋីរូបនេះគ្រោងនឹងទៅទស្សនកិច្ចក្នុងប្រទេសចិននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ ខណៈដែលដំណើរទស្សនកិច្ចចុងក្រោយបំផុតរបស់លោក ត្រូវបានធ្វើឡើងកាលពីឆ្នំា២០២០ ចំពេលជំងឺកូវីដ១៩ កំពុងផ្ទុះរីករាលដាល។

ដំណើរទស្សនកិច្ចនេះ អាចនឹងធ្វើឡើងនៅក្នុងដើមខែមេសានេះ ដោយពេលវេលាជាក់លាក់អាស្រ័យលើកាលវិភាគរបស់លោកនាយករដ្ឋមន្ត្រីចិន ហើយចំពោះគោលបំណងនៃដំណើរទស្សនកិច្ចនេះមិនត្រូវបានគេទម្លាយឲ្យដឹងនោះទេ។

គួរបញ្ជាក់ផងដែរថា ចិនគឺជាទីផ្សារធំមួយសម្រាប់ក្រុមហ៊ុន Tesla បើទោះបីជាជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុកកំពុងបង្កើនសមត្ថភាព និងពង្រីកទីផ្សារក្ដី ក៏ Tesla នៅតែជាអាទិភាពចម្បងសម្រាប់ប្រជាជនចិន៕