(សៀមរាប)៖ សមាគមហ្វឹកហាត់បាញ់កាំភ្លើងកម្ពុជា បានប្រកាសសមាសភាពថ្នាក់ដឹកនាំ សមាជិក សមាជិកា ទីប្រឹក្សាប្រចាំសាខាខេត្តសៀមរាប ដែលស្ថិតក្នុងអធិបតីភាពរបស់នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទែ និងជាប្រធានសមាគមហ្វឹកហាត់ បាញ់កាំភ្លើងកម្ពុជា និងវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ព្រមទាំងអស់លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិ សរុបប្រមាណ ១០០នាក់ ដែលបានរៀបចំ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ បូរីអង្គរ ក្រុងសៀមរាប។

បើតាមសេចក្ដីសម្រេច ស្ដីពីការតែងតាំងមុខតំណែង និងបញ្ចូលសមាជិកប្រតិបត្តិ ទីប្រឹក្សាបច្ចេកទេស និងក្រុមប្រឹក្សាសមាគមហ្វឹកហាត់បាញ់កាំភ្លើងកម្ពុជា គឺបានសម្រេចតែងតាំងសមាជិកប្រតិបត្តិ និងសមាជិក ក្នុងនោះមាន លោក ម៉ក់ ធារ៉ា ប្រធានសមាគមហ្វឹកហាត់បាញ់កាំភ្លេីងកម្ពុជា សាខាខេត្តសៀមរាប លោក សាយ រិទ្ធីសក្តិ ជាប្រធានកិត្តិយស ជាមួយលោក LEE ON PATRIC និងមានអនុប្រធានចំនួន ៥រូប និងទីប្រឹក្សាបច្ចេកទេស ដែលមានលោក ទិត សាវួន, លោក វ៉ា អ៊ីណារិទ្ធ និងលោក សុខ អ៊ក ជាទីប្រឹក្សាបច្ចេកទេស និងមានទីប្រឹក្សា សរុប៩រូបទៀតផងដែរ។

បើតាមរបាយការណ៍របស់ប្រធានសាខាសមាគមបានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សាខាសមាគមនេះ សុទ្ធតែជាបញ្ញាវ័ន្ត ជាធនធានមនុស្សដ៏សំខាន់ៗ មកពីស្ថាប័ន អង្គភាពរដ្ឋ និងវិស័យឯកជន ក្នុងនោះក៏មានជនជាតិបរទេសមួយចំនួនដូចជា ជនជាតិចិន ហុងកុង កូរ៉េ និងថៃផងដែរ ដែលពួកគាត់មានឆន្ទៈ និងគោលបំណងដូចគ្នា ក្នុងការចង់ចូលរួមចំណែកជួយអភីវឌ្ឍ និងផ្សព្វផ្សាយវិស័យកីឡាបាញ់កាំភ្លើងកម្ពុជា ឱ្យបានទូលំទូលាយ នៅខេត្តសៀមរាប។

លោកបន្តថា សមាគមក៏មានបំណង សម្រាប់ផ្ដល់ឱកាសដល់យុវជន ដែលមានទេពកោសល្យ និងស្នាដៃឯកពីស្ថាប័នរដ្ឋ និងវិស័យឯកជន បានបញ្ចេញសមត្ថភាព ហើយមានឱកាសបានទៅចូលរួម ការប្រកួតកីឡាបាញ់កាំភ្លើង ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំនៅរាជធានីភ្នំពេញ ដើម្បីចម្រាញ់បាននូវកីឡាករ ឆ្នើមតំណាងប្រទេស ទៅចូលរួមការប្រកួតព្រឹត្តិការណ៍លក្ខណអន្តរជាតិ ឱ្យទទួលបានជ័យលាភី និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងខេត្តសៀមរាប កាន់តែច្រើនឡើងផងដែរ។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានថ្លែងផងដែរថា កាំភ្លើងក៏ជាអាវុធយោធូបករណ៍ សម្រាប់ប្រើប្រាស់ក្នុងការការពារ សុវត្ថិភាព សន្តិសុខសង្គម និងជាអាវុធ ដែលអាចយកទៅប្រើប្រាស់ក្នុងគោលដៅច្រើនយ៉ាង និងអាចប៉ះពាល់ដល់អាយុជីវិតមនុស្សផងដែរ បើគ្មានច្បាប់គ្រប់គ្រងត្រឹមត្រូវ តែវាក៏ជាឧបករណ៍កីឡាមួយប្រភេទដែរ ហេតុនេះទើបត្រូវបង្កើត ឱ្យមានការចងក្រងជាសមាគម ដើម្បីឱ្យមានសុខសុវត្ថិភាព ព្រោះវាខុសពីឧបករណ៍កីឡាផ្សេងៗ ដែលទាមទារមានច្បាប់ និងការយល់ដឹងអំពីសុវត្ថិភាពឱ្យបានត្រឹមត្រូវ។

នាយឧត្តមសេនីយ៍បានបញ្ជាក់ថា ការបង្កើតសមាគមហ្វឹកហាត់បាញ់កាំភ្លើងកម្ពុជា ដើម្បីប្រមូលអ្នកស្នេហាវិស័យនេះ និងជាឱកាសដល់អ្នកនិយមចូលចិត្តកីឡានេះ បានបញ្ចេញសមត្ថភាពបង្ហាញស្នាដៃ និងឈានទៅប្រកួតលក្ខណៈជាតិ និងអន្តរជាតិទៀតផង៕