(ភ្នំពេញ)៖ ទីបំផុសលោក Felix Dalmas បានត្រឡប់មកដឹកនាំក្រុមជម្រើសជាតិកម្ពុជាវិញហើយ បន្ទាប់ពីលោក Keisuke Honda ដែលត្រូវអស់ភារកិច្ច ក្រោយបញ្ចប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។ នេះយោងតាមសេចក្ដីប្រកាសផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមេសានេះ ។

ប្រភពខាងលើ បានបញ្ជាក់ថា «លោក Felix Dalmas គឺជាគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា(ក្រុមធំ) និងក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ ។ លោក Felix Dalmas នឹងចូលមកកាន់តំណែងរបស់ខ្លួនជាផ្លូវការ នៅក្រោយចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»

គួរដឹងថា នេះគឺជាលើកទី២ ហើយ ដែលបុរសជនជាតិអាហ្សង់ទីនរូបនេះ បានមកដឹកនាំក្រុមគោព្រៃកម្ពុជា បន្ទាប់ពីការដឹកនាំលើកដំបូង ក្នុងនាមដៃស្ដាំលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា កាលពីចន្លោះឆ្នាំ២០១៨-២០២០ ។

សម្រាប់ ២ឆ្នាំដំបូង ក្រោមការដឹកនាំរបស់ Felix Dalmas លោកបានធ្វើទំនើបកម្មជាច្រើនក្នុងវិស័យបាល់ទាត់កម្ពុជា ជាមួយអតីតកីឡាករជម្រើសជាតិជប៉ុនលោក Honda ។ អ្វីដែលពិសេស គឺលោកបានបន្សល់នូវស្នាដៃជាប្រវត្តិសាស្ដ្រមួយជូនកម្ពុជា គឺការជួយក្រុម U22 កម្ពុជា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលពីន ហើយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ ក្រោយប្រកួតចាញ់ក្រុម U22 មីយ៉ាន់ម៉ា ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី ៥-៤ ៕