(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ចាត់ទុកកីឡានាំមកនូវសុខភាព សាមគ្គីមិត្តភាព បើគ្មានសុខភាព និងសន្តិភាពនោះទេ យើងមិនអាចលេងកីឡាបាននោះឡើយ។

ការថ្លែងបែបនេះរបស់លោកអភិបាលស្រុកធ្វើឡើងក្នុងពិធិបិទការប្រកួតកីឡាបាល់ទាត់ «ពាន់រង្វាន់យុវជនស្រុកតាំងគោក» នាល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាល័យ ហ៊ុន សែន តាំងគោក។

លោក ហាក់ ម៉ុងហួត បានលើកឡើងក្នុងគោលបំណងបង្កើនសាមគ្គីភាព មិត្តភាព សុខភាពផ្តល់ភាពសប្បាយរីករាយដល់យុវជន និងប្រជាពលរដ្ឋ។ ការប្រកួតកីឡាឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមកបានប្រព្រឹត្តទៅក្នុងបរិយាកាសផុលផុស និងជ្រើសរើសបានយុវជន មានសមត្ថភាព ទេព្យកោសល្យល្អក្នុងឃុំនីមួយៗ ដែលអាចចាត់ទុកបានថាវិស័យអប់រំកាយ និងកីឡាដែលបាននិងកំពុងដើរតួរនាទីសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម ដូចពាក្យថា «កីឡាសាងមនុស្ស មនុស្សសាងសង្គម»។

លោកបានបន្ថែមថា ការអប់រំកាយ និងកីឡា គឺជាសមាសភាគមួយនៃវិស័យអប់រំដែលជាមធ្យោបាយហាត់ពត់រាងកាយ និងបញ្ញាស្មារតីរបស់មនុស្សឱ្យមានការលូតលាស់ល្អមានកម្លាំងមាំមួន និងកាត់បន្ថយភាពអសកម្មផ្សេងៗ សំដៅលើកកម្ពស់វិស័យកីឡានៅក្នុងតំបន់ឱ្យកាន់តែមានភាពលេចធ្លោ ពីព្រោះកីឡានាំមកនូវសុខភាព សាមគ្គីមិត្តភាព បើគ្មានសុខភាព និងសន្តិភាពនោះទេ យើងមិនអាចលេងកីឡាបាននោះឡើយ។

ដូច្នេះហើយយុវជនជំរុញ និងអភិវឌ្ឍវិស័យកីឡានៅក្នុងមូលដ្ឋានសហគមន៍ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលថា «យុវជនម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទក្នុងមួយជីវិត»។

តំណាងក្រុមកីឡាករបានលើកឡើងថា ការបង្កើតព្រឹត្តិការណ៍ឲ្យយុវជនលេងកម្សាន្តសប្បាយ និងសាមគ្គីភាពគ្នា ចៀសឆ្ងាយអំពីគ្រឿងញៀន ហើយក្នុងនោះបានអំពាវនាវដល់យុវជនទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រក្លាយខ្លួនទៅជាមនុស្សល្អក្នុងសង្គមជាតិ ដើម្បីចូលរួមអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាពិសេសចូលរួមថែរក្សាសុខសន្តិភាពឱ្យបានយូរអង្វែង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះចាប់ផ្តើមបើកប្រកួតពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ និងធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ដែលមានកីឡាករសរុបចំនួន២០០នាក់។

ក្រុមបាល់ទាត់មាន៨ក្រុម ចែកជា២ពូល គឺ៖
ពូល A មាន យុវជនឃុំសូយោង យុវជនឃុំច្រនាង យុវជនឃុំពង្រ យុវជនឃុំស្រឡៅ
ពូល B មាន យុវជនឃុំទ្រៀល យុវជនឃុំស្វាយភ្លើង យុវជនជ្រលង យុវជនអណ្តូងពោធិ៍។
ក្នុងថ្ងៃប្រកួតវគ្គផ្តាច់ព័ត្រ យុវជនឃុំទ្រៀលប៉ះជាមួយយុវជនឃុំសូយោង ដោយទទួលបានគ្រាប់បាល់ ១-០។
ជាលទ្ធផលបានទៅលើ៖ លេខ១យុវជនឃុំទ្រៀល លេខ២យុវជនឃុំសូយោង លេខ៣យុវជនឃុំស្វាយភ្លើង៕