(ឥណ្ឌូណេស៉ី)៖ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតប្រតិភូគណៈកម្មាធិការជាតិ CAMSOC ដឹកនាំដោយលោក សេង ប៊ុនសុង តំណាងលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស ចូលជួបសម្ដែងការគួរសមនៅអគ្គលេខាធិការដ្ឋានអាស៊ាន នារដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៉ី។

ជំនួបនេះធ្វើឡើងនាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ពោលគឺក្រោយពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមបានប្រព្រឹត្តទៅដោយជោគជ័យ នៅពហុកីឡដ្ឋានជាតិឥណ្ឌូណេស៊ី (Gelora Bung Karno) ក្នុងរដ្ឋធានីហ្សាការតា កាលពីល្ងាចមិញ។

អគ្គលេខាធិការអាស៊ានបានបង្ហាញការសាទរចំពោះការដង្ហែព្រះអគ្គិជ័យកីឡាកម្ពុជា ទាំងនៅប្រទេសវៀតណាម ហ្វីលីពីន រហូតដល់រដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៉ី នៅល្ងាចថ្ងៃទី១ ខែមេសា មុនត្រៀមបន្តទៅទីក្រុងបាលី ភាគខាងលិចប្រទេសឥណ្ឌូណេស៉ី នៅថ្ងៃនេះទៀត។ លោកក៏បានជូនពរឱ្យការដង្ហែព្រះអគ្គិជ័យកីឡានេះទទួលបានជោគជ័យនៅក្នុងប្រទេសបន្តបន្ទាប់ទៀត។

លោក កៅ គឹមហួន បានចាត់ទុកសកម្មភាពនេះជាស្នាដៃប្រវត្តិសាស្ត្រសម្រាប់ជាតិកម្ពុជា។

គួរជម្រាបថា បន្ទាប់ពីប្រទេសឥណ្ឌូណេស៉ី ប្រតិភូគណៈកម្មាធិការជាតិ CAMSOC នឹងដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមបន្តទៅប្រទេសទីម័រខាងកើតទៀត ខណៈប្រធានាធិបតីប្រទេសនេះក៏ត្រៀមទទួលស្វាគមន៍វត្តមានប្រតិភូ CAMSOC និងត្រៀមចូលរួមដង្ហែជាមួយប្រតិភូកម្ពុជាផងដែរ៕