(ភ្នំពេញ)៖ រូបិយវត្ថុ ត្រូវបានគេឱ្យនិយមន័យថា គឺជាវត្ថុមួយដែលត្រូវបានគេប្រើប្រាស់ជាមធ្យោបាយដើម្បីដោះដូរទំនិញ ឬសេវាកម្ម និងទូទាត់បំណុលផ្សេងៗទៀត ។ ដោយសារតែរូបិយវត្ថុមានតម្លៃ និងសារៈសំខាន់នៅក្នុងការប្រើប្រាស់សម្រាប់សកម្មភាពជាទូទៅប្រចាំថ្ងៃនៅក្នុងសង្គមនីមួយៗ ហេតុនេះហើយបានជាតែងមានបុគ្គលខិលខូចឆ្លៀតឱកាសធ្វើការក្លែងបន្លំនូវរូបិយវត្ថុ យកមកប្រើប្រាស់ដោយខុសច្បាប់នៅក្នុងសង្គម។

គួរបញ្ជាក់ផងដែរថា ចំពោះករណីបែបនេះ ក៏មានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ មិនមែនមានតែប្រទេសផ្សេងៗនោះទេ ចំពោះរូបិយវត្ថុ ដែលមានតម្លៃនីត្យានុកូលនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាក្រដាសប្រាក់រៀល ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ។ ដោយសារតែងតែ មានករណីបុគ្គលខិលខូចធ្វើការក្លែងបន្លំនូវរូបិយវត្ថុ យកមកប្រើប្រាស់ដោយខុសច្បាប់នៅក្នុងសង្គម ដូច្នេះហើយ ទើបបានជាក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានចែងការពារយ៉ាងតឹងរ៉ឹង ដើម្បីដាក់ទោសទៅលើបុគ្គលដែលបានប្រព្រឹត្តបទល្មើសនេះ។

តើបុគ្គលដែលបានប្រព្រឹត្តបទល្មើសក្លែងបន្លំរូបិយវត្ថុដែលមានតម្លៃនីត្យានុកូលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលរងនូវការដាក់ទោសទណ្ឌពីសំណាក់ផ្នែកច្បាប់យ៉ាងដូចម្ដេច?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី «បទក្លែងបន្លំរូបិយវត្ថុដែលមានតម្លៃនីត្យានុកូល» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម។

សញ្ញាណនៃបទក្លែងបន្លំរូបិយវត្ថុដែលមានតម្លៃនីត្យានុកូល ត្រូវបានកំណត់នៅក្នុងមាត្រា៦៤៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា៖ ការក្លែងបន្លំក្រដាសប្រាក់ ឬ កាសដែលជារូបិយវត្ថុមានតម្លៃនីត្យានុកូលនៅព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ ឬ អស់មួយជីវិត។

ថ្វីត្បិតតែករណីបទល្មើសខាងលើនេះ ត្រូវបានច្បាប់ចែងអំពីការដាក់ទោសទៅលើបុគ្គលដែលបានប្រព្រឹត្តបទល្មើសក៏ពិតមែន ក៏ប៉ុន្តែច្បាប់ក៏មានចែងលក្ខខណ្ឌលើកលែងឱ្យរួចផុតពីទោសផងដែរ ក្នុងករណីប្រសិនបើបុគ្គលនោះគ្រាន់តែប៉ុនប៉ង និងមិនបានធ្វើឱ្យបទល្មើសនោះបានសម្រេចទេ និងបង្ហាញឱ្យដឹងពីអត្តសញ្ញាណជាយថាហេតុរបស់ជនល្មើសផ្សេងៗទៀត ដោយបានឱ្យដំណឹងដល់អាជ្ញាធររដ្ឋបាល ឬ តុលាការ។

ឧទាហរណ៍ថា លោក ក និង លោក ខ មានបំណងបង្កើតក្រដាសប្រាក់ ៥០.០០០ រៀល ក្លែងក្លាយ ដើម្បីយកមកប្រើប្រាស់នៅលើទីផ្សារ នៃព្រះរាជាណាចក្រកម្ពុជា ក៏ប៉ុន្តែក្រោយមកលោក ក បានផ្លាស់ប្ដូរគំនិតវិញ ថាមិនធ្វើសកម្មភាពនោះទេ ព្រោះវាជាអំពើខុសច្បាប់ ហើយបានណែនាំលោក ខ ឱ្យបញ្ឈប់សកម្មភាពនោះ តែលោក ខ មិនព្រមឈប់ ហើយនៅតែបន្តសកម្មភាពនោះ ដោយឃើញដូច្នេះលោក ក បានផ្ដល់ដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធដើម្បីរារាំងសកម្មភាពបទល្មើសនោះ និងចាត់វិធានការតាមផ្លូវច្បាប់ ។ ចំពោះករណីខាងលើនេះ ថ្វីត្បិតតែលោក ក ធ្លាប់មានបំណងចង់ប្រព្រឹត្តបទល្មើសខាងលើជាមួយលោក ខ ក៏ពិតមែន ប៉ុន្តែដោយសារតែលោក ក បាន ផ្លាស់ប្ដូរគំនិតមិនចូលរួមប្រព្រឹត្តបទល្មើស និងបានផ្ដល់ដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធដើម្បីរារាំងសកម្មភាពបទល្មើសនោះ ដូច្នេះហើយតាមច្បាប់ លោក ក ត្រូវបានលើកលែងឱ្យរួចផុតពីទោស ចំណែកឯ លោក ខ នឹងត្រូវដាក់ទោសតាមច្បាប់កំណត់។

សរុបមក បទល្មើសក្លែងបន្លំរូបិយវត្ថុដែលមានតម្លៃនីត្យានុកូល ត្រូវបានក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា កំណត់ការផ្តន្ទាទោសយ៉ាងតឹងរ៉ឹង និងប្រឆាំងទៅនឹងបុគ្គលដែលបានធ្វើសកម្មភាពបំពានច្បាប់មួយនេះ ពីព្រោះថាប្រសិនបើមានករណីកែ្លងរូបិយវត្ថុ ដែលជាប្រាក់រៀល នៅក្នុងសង្គម នោះនឹងធ្វើឱ្យមានភាពចលាចល និងអសន្តិសុខសង្គមជាក់ជាមិនខាន។

រៀបរៀងដោយ៖ កញ្ញា គន្ធ វិជិតា ប្រធានផ្នែកសេវាកម្មច្បាប់ និងលោក រៀម គីមឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៉ីអាយស៉ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ៖ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm៕