(ភ្នំពេញ)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិ CAMSOC ដឹកនាំដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន បានចាកចេញពីរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីហើយ នៅល្ងាចថ្ងៃទី០២ ខែមេសានេះ ក្រោយទទួលបានភាពជោគជ័យ និងការគាំទ្រជាខ្លាំង ក្នុងពិធីដង្ហែនៅពហុកីឡដ្ឋានជាតិឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ។

ដំណើរគោលចរនៃព្រះអគ្គិជ័យកីឡានេះ ក៏មានការអញ្ជើញចូលរួមពីលោក អ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសទីម័រខាងកើត ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហ្សាកាតា ព្រមទាំងលោកបណ្ឌិត សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អមដំណើរដោយប្រតិភូកម្ពុជា ៨រូបផ្សេងទៀត។ ប៉ុន្ដែមុនធ្វើដំណើរទៅទីក្រុង Dili ប្រទេសទីម័រខាងកើត ប្រតិភូកម្ពុជាទាំងអស់ ត្រូវសម្រាកនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីមួយយប់សិន មុនបន្ដដំណើរនាព្រឹកស្អែក។

តាមគម្រោងបន្ទាប់ពីប្រតិភូកម្ពុជាទៅដល់ទីក្រុង Dili តាមការឲ្យដឹងពីគណៈកម្មាធិការជាតិអូឡាំពិកទីម័រខាងកើត ប្រតិភូកម្ពុជា នឹងទទួលបានការអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសមដោយផ្ទាល់ជាមួយលោក Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត នារសៀលថ្ងៃទី០៣ ខែមេសា មុនពិធីដង្ហែផ្លូវការ នាព្រឹកថ្ងៃទី០៤ ខែមេសា ដោយឯកឧត្តមប្រធានាធិបតីទីម័រខាងកើត ក៏នឹងអញ្ជើញចូលរួមរត់ និងដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយផ្ទាល់ផងដែរ៕