(ភ្នំពេញ)៖ ពិព័រណ៍ទេពកោសល្យស្នាដៃនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបើកសម្ពោធក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំតំណាងអង្គភាពពាក់ព័ន្ធ សិស្ស និស្សិត និងមហាជនចូលរួមជាច្រើននាក់។

ពិព័រណ៍ទេពកោសល្យនេះ ប្រារព្ធធ្វើឡើងក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «មរតកទាំង៥ ឆ្នាំ២០២៣»។ ព្រឹត្តិការណ៍នេះ ក៏ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជាការបង្ហាញពីស្នាដៃរបស់និស្សិតទាំង៥ មហាវិទ្យាល័យ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយក៏ដើម្បីឱ្យមហាជនទូទៅបានឃើញ នូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់។

នាឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់កិត្តិយសជាអធិបតីក្នុងកម្មវិធីសម្តែងសិល្បៈទស្សនីយភាពចម្រុះ និងផ្តល់មតិសំណេះសំណាល ដោយថ្លែងកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់ប្អូនៗនិស្សិតទាំង ៥មហាវិទ្យាល័យដែលសម្រេចបាននូវសមិទ្ធិផលខាងលើនេះ ។ ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នេះដែរ លោកស្រីបានសង្កត់ធ្ងន់ថា ប្រសិនបើគ្មានសុខសន្តិភាពនោះទេ ប្អូនៗក៏មិនមានឱកាសក្នុងការបង្ហាញនូវទេពកោសល្យនាថ្ងៃនេះដែរ «អរគុណសន្តិភាព»

ពាក់ព័ន្ធនឹងការបង្ហាញពីស្នាដៃរបស់និស្សិតទាំង ៥មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺដើម្បីបង្ហាញឱ្យមហាជនទូទៅ ពិសេសប្រជាពលរដ្ឋខ្មែរបានឃើញនូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់ ហើយក៏ដើម្បីឱ្យមានការយល់ដឹងច្បាស់ពីសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជាយល់ដឹងពីរបៀបនៃការដំឡើង របៀបនៃការធ្វើ របៀបនៃការរៀបចំរបស់យុវជន មានលំដាប់លំដោយបែបណាខ្លះ។

ម្យ៉ាងទៀតក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបង្ហាញក្ដីរីករាយដែលបានជួបជុំគ្នារៀបចំព្រឹត្តិការណ៍ នេះឡើងដោយទី១៖ បង្ហាញពីស្នាដៃ, ទី២៖ បង្ហាញពីសាមគ្គីភាព, ទី៣៖ បង្ហាញពីការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយក៏មានការពាក់ព័ន្ធនឹងការចូលរួមរបស់ Bayoun The Game នៃព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា ផងដែរ ដើម្បីចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យឃើញថា ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ប្រជាជនខ្មែរ យុវជនខ្មែរ និងការចូលរួមក្នុងតួនាទីរបស់យុវជន មានសារៈសំខាន់ខ្លាំងក្នុងសង្គមជាតិ៕