(បរទេស)៖ ក្រុមហ៊ុន TikTok ប្រចាំចក្រភពអង់គ្លេស ត្រូវបានពិន័យជាប្រាក់ចំនួន ១២.៧លានផោន (ប្រហែល ១៥.៨លានដុល្លារអាមេរិក) នៅថ្ងៃអង្គារនេះ ពាក់ព័ន្ធការបំពានច្បាប់ជាច្រើន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។

ការិយាល័យរដ្ឋាភិបាលចក្រភពអង់គ្លេស បានឲ្យដឹងថា ក្រុមហ៊ុន TikTok Information Technologies UK Limited និង TikTok Inc. ដែលគ្រប់គ្រងដោយក្រុមហ៊ុនឯកជនរបស់ចិន ByteDance បានបំពានច្បាប់ការពារទិន្នន័យជាច្រើន រួមទាំងការខកខានក្នុងការការពារទិន្នន័យផ្ទាល់ខ្លួនរបស់កុមារទៀតផង។

ការិយាល័យស្នងការព័ត៌មានរបស់ចក្រភពអង់គ្លេស (ICO) ប៉ាន់ប្រមាណថាមានកុមារចក្រភពអង់គ្លេសអាយុក្រោម ១៣ឆ្នាំ ច្រើនជាង ១លាននាក់ បានប្រើប្រាស់កម្មវិធី TikTok ដែលវាផ្ទុយទៅនឹងការកម្រិតអាយុដែលបានកំណត់នៅក្នុងលក្ខខណ្ឌនៃសេវាកម្មរបស់ក្រុមហ៊ុន។

ICO បានបន្ថែមទៀតថា បានរកឃើញទិន្នន័យផ្ទាល់ខ្លួនដែលជាកម្មសិទ្ធិរបស់កុមារអាយុក្រោម ១៣ឆ្នាំត្រូវបានប្រើប្រាស់ដោយគ្មានការយល់ព្រមពីមាតាបិតា ហើយ TikTok "មិនបានធ្វើគ្រប់គ្រាន់ទេ" ដើម្បីពិនិត្យមើលឱ្យបានគ្រប់គ្រាន់ថាតើអ្នកណាកំពុងប្រើប្រាស់វេទិការបស់ពួកគេ ឬដកចេញនូវកុមារមិនទាន់គ្រប់អាយុ ដែលវាជាការបំពានលើច្បាប់ការពារទិន្នន័យទូទៅរបស់ចក្រភពអង់គ្លេស។

អ្នកនាំពាក្យរបស់ TikTok បានប្រាប់កាសែត Wall Street Journal ថា "យើងបណ្តាក់ទុនយ៉ាងច្រើនដើម្បីជួយរក្សាក្មេងអាយុក្រោម ១៣ឆ្នាំចេញពីវេទិកា ហើយក្រុមសុវត្ថិភាពដ៏រឹងមាំរបស់យើងចំនួន ៤០,០០០នាក់ បានធ្វើការយ៉ាងសកម្មបំផុតដើម្បីជួយរក្សាវេទិកានេះឱ្យមានសុវត្ថិភាពសម្រាប់សហគមន៍របស់យើង"៕