(លីសបោន)៖ ប្រទេសស្វីស ត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ផ្នែកនារី Women's European Championship នៅឆ្នាំ២០២៥ ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។

ការដេញថ្លៃរបស់ស្វីស ត្រូវបានជ្រើសរើស នៅឯកិច្ចប្រជុំមួយនៃគណៈកម្មាធិការប្រតិបត្តិរបស់ UEFA នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់នាថ្ងៃអង្គារ។

ស្វីសបានយកឈ្នះលើការដេញថ្លៃមកពីបារាំង, ប៉ូឡូញ និងការដេញថ្លៃរួមគ្នាមកពីប្រទេសចំនួន៤ នៅតំបន់ Nordic រួមមាន ដាណឺម៉ាក, ហ្វាំងឡង់, ន័រវេស និងស៊ុយអែត។

ស្វីស ដែលជាទីតាំងមូលដ្ឋានរបស់ស្ថាប័ន UEFA និង FIFA នោះធ្លាប់ធ្វើជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ផ្នែកបុរស European Championship កាលពីឆ្នាំ២០០៨ ជាមួយនឹងប្រទេសអូទ្រីស និងធ្លាប់ធ្វើជាម្ចាស់ផ្ទះ World Cup កាលពីឆ្នាំ១៩៥៤ ផងដែរ៕