(ភ្នំពេញ)៖ កីឡាករលេងក្នុងតំណែងប្រយុទ្ធ កែវ សុខផេង បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ហើយចាប់ពីថ្ងៃនេះតទៅ។ នេះបើយោងតាមការប្រកាសរបស់ក្លិបក្នុងស្រុក វិសាខា។

ការសម្រេចព្យួរស្បែកជើងពីអាជីពលើសមរភូមិវាលស្មៅទាំងបង្ខំនេះដែរ ដោយសារ សុខផេង មានរបួសរាំរ៉ៃមិនអាចបន្ដការប្រកួតប្រជែងទៀតបាន ក៏ដូចជាការចង់ផ្ដល់ឱកាសឲ្យសិស្សប្អូនជំនាន់ក្រោយបានបង្ហាញសមត្ថភាព និងជួយក្លិបផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍នៃក្លិបខាងលើបានបញ្ជាក់ថា «តាងនាមថ្នាក់ដឹកនាំក្លិប គណៈគ្រប់គ្រង បុគ្គលិក ក្រុមការងារគ្រូ និងកីឡាករទាំងអស់ សូមគោរពនូវការសម្រេចចិត្តនេះ ហើយក៏សូមថ្លែងអំណរគុណដល់សុខផេង សម្រាប់ការខិតខំប្រឹងប្រែងជួយក្រុមរបស់យើង អស់រយៈពេលជាច្រើនរដូវកាលកន្លងមកផងដែរ»

សូមរំឮកថា កែវ សុខផេង បានផ្ទេរមកចូលរួមជាមួយក្លិបកីឡាបាល់ទាត់ វិសាខា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ដែលគិតមកទល់ពេលនេះ គឺមានរយៈពេល ១,៧៧១ថ្ងៃ ដោយបានរួមចំណែកជួយក្រុមយ៉ាងច្រើន ទាំងការប្រកួតក្របខណ្ឌថ្នាក់ជាតិ និងអន្ដរជាតិ ជាពិសេសគឺការរួមចំណែកជួយក្រុមបើកទំព័រប្រវត្តិសាស្ដ្រ គ្រងតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣សម័យកាលជាប់គ្នានៅឆ្នាំ២០២០, ២០២១ និងចុងក្រោយក្នុងឆ្នាំ២០២២។

តាមរយៈការខិតខំប្រឹងប្រែង និងរួមចំណែកដ៏សំខាន់នេះ ពួកយើងទាំងអស់គ្នា នឹងចងចាំជានិច្ចនូវរាល់ស្នាដៃ និងអនុស្សាវរីយ៍ល្អៗជាច្រើន សុខផេង បានរួមរស់ជាមួយពួកយើងជាច្រើនឆ្នាំ និងសូមជូនពរឲ្យរូបលោក ព្រមទាំងក្រុមគ្រួសារ សូមទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ និងអាជីវកម្ម និងសូមជួបប្រទះតែនឹងពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕