(ម៉ាឌ្រីដ)៖ ម្ចាស់ការពារតំណែងជើងឯក French Open គឺកីឡាករ Rafael Nadal ស្ថិតក្នុងភាពមន្ទិលនៃការវិលត្រឡប់ទៅកាន់ប្រទេសបារាំង ក្រោយបន្តដកខ្លួនពីកម្មវិធី Monte Carlo Masters នាសប្តាហ៍ក្រោយនេះ ជាមួយនឹងបញ្ហារបួសត្រគាក (hip) មិនទាន់ជាសះស្បើយ។

តាមរយៈគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០២៣ នេះថា កីឡាករអន្តរជាតិអេស្ប៉ាញ ដែលឈរនៅចំណាត់ថ្នាក់លេខ១៤ ពិភពលោកនោះ ទំនងជាមិនទាន់ពេលសម្រាប់ French Open 2023 នៅទីក្រុង Monaco ចាប់ផ្តើមឡើយ ដ្បិតលោកធ្លាប់ឈ្នះពានក្នុងកម្រិត Grand Slam បាន ១៤លើកមកនេះ។

Nadal ដែលមានវ័យ ៣៦ឆ្នាំទៅហើយនោះ ពុំបានចូលរួមប្រកួតណាមួយឡើយ គិតចាប់តាំងពីចាញ់ក្នុងជុំទី២ នៅពាន Australian Open ឆ្នាំ២០២២ នាខែមករា ក្រោមកណ្តាប់ដៃរបស់កីឡាករអាមេរិក Mackenzie McDonald រួចមក។

ក្រៅពី Nadal ដែលពុំបានលេងពាន Monte Carlo ក៏នៅមានកីឡាករឈរនៅលំដាប់លេខ២ ពិភពលោក Carlos Alcaraz អវត្តមានដូចគ្នា ដោយសាររបួសផងដែរ។

សូមរំលឹកផងថា បញ្ហារបួសត្រគាករបស់ Nadal បានទាមទាររយៈពេលព្យាបាលចន្លោះពី ៦ទៅ៨សប្តាហ៍ បន្ទាប់ពីធ្វើការស្កេន MRI បានរកឃើញសាច់ដុំត្រង់ត្រគាកខាងឆ្វេងរបស់លោកមានបញ្ហា។ Nadal គឺជាជើងខ្លាំងលើទីលានដីឥដ្ឋម្នាក់ ដោយបានឈ្នះ ១១២ប្រកួត ក្នុងចំណោម ១១៥លើកសរុបនៅ French Open ដោយតាមគម្រោងកម្មវិធីនេះ នឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ តទៅហើយនៅទីលានដីឥដ្ឋ Roland Garros តែមួយគត់៕