(ភ្នំពេញ)៖ នាពេលថ្មីៗនេះ ធនាគារ វឌ្ឍនៈ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានធ្វើជំនួបជាផ្លូវការ សម្រាប់កិច្ចពិភាក្សាជាយុទ្ធសាស្ត្រ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ដោយមានការអញ្ជើញចូលរួមពីលោក Anthony Chin ជាអគ្គនាយកប្រតិបត្តិនៃធនាគារ វឌ្ឍនៈ ឧកញ៉ា ប៉ិច បូឡែន ប្រធាននៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងសមាជិកកិត្តិយស មកពីអង្គភាពទាំងពីរ។

ជំនួបជាផ្លូវការនេះ ត្រូវបានធ្វើឡើងដោយមានគោលបំណងសំខាន់បំផុតមួយ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងធនាគារ វឌ្ឍនៈ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដើម្បីគាំទ្រដល់សហគ្រាសធុនតូច-មធ្យម និងសហគ្រិនភាពកម្ពុជា។ តាមរយៈកិច្ចពិភាក្សានេះដែរ ភាគីទាំងពីរបានរិះរកនូវវិធីសាស្ត្រផ្សេងៗដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលអាជីវកម្មខ្នាតតូចបាននិងកំពុងជួបប្រទះនៅក្នុងប្រទេសកម្ពុជា និងរួមគ្នាបង្កើតដំណោះស្រាយដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។

ធនាគារ វឌ្ឍនៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាត់វិធានការដើម្បីគាំទ្រដល់សហគ្រាសធុនតូច-មធ្យម និងសហគ្រិនភាពកម្ពុជា ដោយនឹងក្លាយជាអ្នកឧបត្ថម្ភក្នុងកម្មវិធី លទ្ធភាពនៃការទទួលបានហិរញ្ញប្បទាន ឆ្នាំ២០២៣។ កម្មវិធីនេះ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដោយមានគោលបំណងផ្តល់ និងការគាំទ្រដល់លទ្ធភាពនៃការទទួលបានហិរញ្ញប្បទានបំណុល និងចំណេះដឹងទាក់ទងនឹងអាជីវកម្មដល់សមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងសហគ្រាសធុនតូច-មធ្យម។

កិច្ចពិភាក្សារវាងធនាគារ វឌ្ឍនៈ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) នេះដែរ បានរួមគ្នាប្តេជ្ញាថានឹងនាំមកនូវអត្ថប្រយោជន៍ល្អៗជាច្រើនដើម្បីគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ការគាំទ្ររបស់ធនាគារ វឌ្ឍនៈ រួមផ្សំជាមួយនឹងបទពិសោធន៍ និងចំណេះដឹងរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ពិតជានឹងនាំមកនូវលទ្ធផលជាវិជ្ជមាន សម្រាប់អាជីវកម្មខ្នាតតូច ដែលកំពុងស្វែងរកភាពរីកចម្រើន និងភាពជោគជ័យនៅក្នុងប្រទេសកម្ពុជា។

ជារួមមក កិច្ចពិភាក្សាជាយុទ្ធសាស្ត្រនេះ បានសបញ្ជាក់ឱ្យឃើញពីជំហានដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាដៃគូដ៏រឹងមាំ ដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ ធនាគារ វឌ្ឍនៈ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) មានសុទិដ្ឋិនិយមថា ភាពជាដៃគូនេះ នឹងផ្តល់លទ្ធផលវិជ្ជមានសម្រាប់សហគ្រាសធុនតូច-មធ្យម និងសហគ្រិនភាពនៅកម្ពុជា។ ភាគីទាំងពីរកំពុងទន្ទឹងរង់ចាំធ្វើការរួមជាមួយគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រេចបាននូវគោលបំណងរួមនាពេលថ្ងៃអនាគត៕