(មេនឆេស្ទើ)៖ លោក Thomas Tuchel នៅតែមានសង្ឃឹមថា ក្រុមខ្លារខិន Bayern Munich នៅតែអាចយកឈ្នះគូប្រជែង Manchester City បានវិញសម្រាប់ជើងទី២ នៅទឹកដីអាល្លឺម៉ង់ បើទោះបីជាចាញ់ ៣ទល់នឹង០ នាយប់មិញនេះក្នុងជើងទី១ នៃវគ្គ ៨ក្រុម UEFA Champions League ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Live Score។

បុរសសញ្ជាតិអាល្លឺម៉ង់ខាងលើនេះបានថ្លែងក្នុងសន្និសីទ ក្រោយចប់ការប្រកួតថា «ខ្ញុំបានព្យាយាមមិនអនុញ្ញាតឲ្យកីឡាករទាំងអស់គិតពីរឿងលទ្ធផលនេះទេ ក៏ព្រោះតែការប្រជែងកៅអីទៅវគ្គ ៤ក្រុមពុំទាន់បញ្ចប់ទេ។ នោះជាការប្រកួតដែលផ្តោតទៅនឹងរឿងដែលយើងធ្វើបានល្អ។ ពួកយើងបានលេងតាមភាពត្រឹមត្រូវ និងប្រកបដោយគុណភាព។ តួយ៉ាងក្នុងវគ្គទី២ យើងមានឱកាសក្នុងការរកបានគ្រាប់បាល់ ប៉ុន្តែមិនឆ្លើយតបដែលធ្វើឲ្យអ្នកគាំទ្រ និងកីឡាករមានការខកចិត្ត តែសូមកុំគិតថា លទ្ធផល ៣-០ វាបានបញ្ចប់ពួកយើងឲ្យសោះ»

ជាការឆ្លើយតប លោក Tuchel ដែលទើបចូលដឹកនាំក្រុមកំពូលតារាង Bundesliga រដូវកាលនេះ ត្រូវមានភារកិច្ចធំក្នុងកីឡដ្ឋាន Allianz Arena របស់ខ្លួននារាត្រីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៃជើងទី២ ហើយប្រសិនបើធ្វើបានមែន ពួកគេនឹងត្រូវចារទុកក្នុងប្រវត្តិសាស្រ្តដែលអាចទម្លាក់ក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ UCL ក្នុងឆ្នាំ២០២១ គឺ Man City។

យ៉ាងណាក៏ដោយ Man City មានខ្សែប្រយុទ្ធ Erling Haaland ដែលរកបាន ៥គ្រាប់មកហើយទល់នឹងក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich និងជាកីឡាករដែលបានចូលលេងទៀងទាត់ក្នុងក្លិប Borussia Dortmund បើទោះបីជាពុំដែលឈ្នះ Bayern ក៏ដោយ៕