(ភ្នំពេញ)៖ លោក លី សេងឃុង អគ្គនាយកក្រុមហ៊ុនម៉ាស្ទ័រស៊ុគីស៊ុប ដោយមានការចូលរួមពី លោក Goh Jock Koon តំណាង GICប្រចាំប្រទេសសិង្ហបុរី លោក-លោកស្រី ដែលជាគណៈគ្រប់គ្រងក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើន បានប្រគល់-ទទួលវិញ្ញាបនបត្រ HACCP ពីស្ថាប័នGIC ជូនដល់ក្រុមហ៊ុនម៉ាស្ទ័រស៊ុគីស៊ុប នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣កន្លងទៅ។

កម្មវិធីនេះដែរ លោក លី សេងឃុង មានសេចក្តីរីករាយ សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ថ្លៃថ្លា របស់លោក លោកស្រី ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ប្រព័ន្ធគ្រប់គ្រងសុវត្ថភាពចំណីអាហារ HACCP របស់ស្ថាប័នGIC ជូនដល់ ក្រុមហ៊ុន ម៉ាស្ទ័រស៊ុគីស៊ុប នាល្ងាចនេះ។

លោក លី សេងឃុង បានបន្ដថា សូមអរគុណដល់លោក Goh Jock Koon តំណាង GIC ប្រចាំប្រទេសសិង្ហបុរី ដែលមានវត្តមានដ៏ខ្ពស់ខ្ពស់នៅថ្ងៃនេះ និងសូមអរគុណដល់លោកបណ្ឌិត អ៊ុយ ដាវិន ដែលបានខិតខំអស់ កម្លាំងកាយចិត្តិ ក្នុងការផ្តល់ការប្រឹក្សាដល់ក្រុមហ៊ុនម៉ាស្ទ័រស៊ុគីស៊ុប ក្នុងការងារបច្ចេកទេសរហូតដល់ឈានទទួល បានវិញ្ញាបនបត្រ HACCP នៅថ្ងៃនេះ និងសូមអរគុណដល់បុគ្គលិកគ្រប់ផ្នែកទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះកិច្ចការងារនេះ ជាពិសេសបុគ្គលិកផ្នែកគ្រប់គ្រងសុវត្ថភាព ចំណីអាហាររបស់ក្រុមហ៊ុន ដែលបានខំបំពេញកិច្ចការរបស់ខ្លួនរហូតបានបញ្ចប់ការងារតម្រូវទាំងអស់របស់ស្ថាប័នGIC ប្រកបដោយជោគជ័យ។

លោកបានបន្ដទៀតថា ពិតជាមានសេចក្តីរីករាយ និងមានមោទនៈភាពយ៉ាងខ្លាំង ដែលក្រុមហ៊ុនយើង បានបោះជំហ៊ានមួយកំរិត ទៀត ស្តីពីការគ្រប់គ្រងសុវត្ថភាពចំណីអាហារជូនដល់អតិជនរបស់យើងទាំងអស់។
កន្លងមកយើងមានការទទួលស្គាល់រួចមកហើយពីថ្នាក់ជាតិរបស់យើង ជាពិសេសក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វិញ្ញាបនបត្រកំរិត A ស្តីពីគោលការណ៍ផលិតស្អាត (GMP) និងគោលការណ៍អនាម័យស្អាត(GHP) ជូនដល់ក្រុមហ៊ុនម៉ាស្ទ័រស៊ុគីស៊ុបរបស់យើងរយៈពេល៦ឆ្នាំជាប់ៗគ្នា។ នៅថ្ងៃនេះ យើងបានសម្រេចនូវគោលដៅថ្មីរបស់យើង ឆ្ពោះទៅរកការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ស្តីពីការគ្រប់សុវត្ថភាពចំណីអាហារ របស់ភោជនីដ្ឋានយីហោ ម៉ាស្ទ័រស៊ុគីស៊ុបរបស់យើង ដែលបានចាប់ដំណើរអាជីវកម្មរបស់ខ្លួន តាំងពីឆ្នាំ១៩៩៧ រហូតមកដល់ពេលនេះ មានអាយុកាល ២៦ឆ្នាំមកហើយ ក្នុងការបម្រើអតិថិជនរបស់ខ្លួន។

ការទទួលវិញ្ញាបនបត្រ HACCP នៅថ្ងៃនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការតាំងចិត្តខ្ពស់របស់ក្រុមហ៊ុន ក្នុងការផ្តល់ជូនដល់អតិថិជនរបស់ខ្លួននូវម្ហូបអាហារដែលមិនត្រឹមតែមានឳជារសឆ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងមានគុណភាពខ្ពស់ សុវត្ថភាពខ្ពស់ និងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ លោកពិតជាមានសេចក្តី សោមនស្សរីករាយយ៉ាងខ្លាំង និងធ្វើការវាយតម្លៃខ្ពស់ ចំពោះការសម្រេចបាននូវសមិទ្ធិផលនៅថ្ងៃនេះ។

ការនេះពិតជាបានលើកស្ទួយ កំរិតស្តង់ដារមួយកម្រិតថែមទៀត ក្នុងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន អោយមានការរីកចម្រើនស្របទៅតាមចក្ខុវិស័យ និងបេសកម្មរបស់ក្រុមហ៊ុន។ នៅចុងបញ្ចប់ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ត្រចះត្រចង់នៅថ្ងៃនេះ និងសូមប្រសិទ្ធិពរ ដល់ លោក លោកស្រី អោយទទួលបាននូវពុទ្ធិពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕