(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ Air Asia Indonesia នឹងចាប់ផ្តើមការហោះហើរត្រង់ពីទីក្រុងហ្សាកាតាទៅកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងហ្សាកាតា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ជាមួយនឹងជើងហោះហើរចំនួន ៤លើកក្នុងមួយសប្តាហ៍ ដោយប្រើយន្តហោះ Airbus A320 ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរចំនួន ១៨០នាក់។

ពិធីសម្ពោធការដាក់ឱ្យប្រើប្រាស់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពរបស់ លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោក លោក ថោង រដ្ឋសក្តិ បានថ្លែងថា៖ «ខ្ញុំសូមអបអរសាទរ AirAsia Indonesia សម្រាប់ការបង្កើតជើងហោះហើរត្រង់រវាងទីក្រុងហ្សាកាតា-ភ្នំពេញ-ហ្សាការតា ដែលជាផ្នែកមួយនៃការអនុវត្តប្រកបដោយផ្លែផ្កានៃអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសយើងទាំងពីរ។ ខ្ញុំក៏ចង់អញ្ជើញក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ីផ្សេងទៀតដូចជា Citilink និង Garuda Airlines ដើម្បីតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗរបស់យើងឡើងវិញ»

ទន្ទឹមនេងនេះ លោក ជា អូន រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏បានសម្តែងនូវជំនឿយ៉ាងមុតមាំថា ការដាក់ឱ្យដំណើរការជើងហោះហើរត្រង់រវាងទីក្រុង Jarkata នៃប្រទេសឥណ្ឌូនេស៊ី និងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា នឹងដើរតួយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយ «បើកចំហរជើងមេឃ» ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ជាងនេះទៅទៀត គម្រោងហោះហើរត្រង់នេះ ក៏នឹងលើកកម្ពស់ទំនាក់ទំនងកាន់តែជិតស្និទ្ធលើវិស័យពាណិជ្ជកម្ម វប្បធម៌ និងការផ្លាស់ប្តូរប្រជាជនរវាងប្រទេសយើងទាំងពីរផងដែរ។

ជាមួយគ្នានេះផងដែរ លោកស្រី Veranita Yosephine នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Asia Indonesia ក៏បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកស្រីអំពីជើងហោះហើរនេះផងដែរ ដោយលោកស្រីបានសង្កត់ធ្ងន់ថា ការដាក់ឱ្យដំណើរការជើងហោះហើរត្រង់រវាងទីក្រុងហ្សាកាតា និងរាជធានីភ្នំពេញ នឹងកាត់បន្ថយចម្ងាយហោះហើរ ជាពិសេសពេលវេលាធ្វើដំណើរពី ៦ម៉ោង មកត្រឹម ៣ម៉ោង រួមជាមួយនឹងការចំណាយទាប។

ការហោះហើរត្រង់ដែលទន្ទឹងរង់ចាំជាយូរមកហើយនេះ គឺមានសារៈសំខាន់សម្រាប់ប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា ជាពិសេសដើម្បីកែលម្អការតភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជីវកម្ម និងអាជីវកម្ម ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ការហោះហើរត្រង់នេះក៏ជាផ្នែកនៃការអនុវត្ត MoU ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០២២។

ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៨៣៧ពាន់នាក់ និងឥណ្ឌូនេស៊ីជិត២ម៉ឺននាក់ ហើយនឹងត្រូវបានគេព្យាករណ៍ថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រហែល ៤,៥លាននាក់នៅឆ្នាំ២០២៣ ដោយក្នុងនោះមានប្រជាជនឥណ្ឌូនេស៊ីជាង 15ម៉ឺននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១៧លាននាក់។
=ព័ត៌មានថ្មីៗ