(ក្រុងឡុងដ៍)៖ ប្រទេសអង់គ្លេស និងអៀរឡង់ បានដាក់សំណើដេញថ្លៃធ្វើម្ចាស់ផ្ទះរួមគ្នានៅថ្ងៃពុធ ទី១២ ខែមេសា សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុបផ្នែកបុរស ឆ្នាំ២០២៨ (Men’s European Championship) នៅពេលកីឡដ្ឋានរបស់ Everton, Tottenham Hotspur និង Newcastle United នឹងត្រូវប្រើប្រាស់ដើម្បីប្រកួតផងដែរ។

តាមរយៈគេហទំព័រកីឡា Live Score បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣ នេះថា អង់គ្លេសបានបង្ហាញកីឡដ្ឋានធំៗចំនួន ១០កន្លែងក្នុងសំណើរបស់ខ្លួនដោយរួមមាន កីឡដ្ឋាន Wembley, Hampden Park, Principality, Tottenham Hotspur, Etihad, St James’ Park, Villa Park, Aviva, Casement Park និងកីឡដ្ឋានថ្មីដែលកំពុងសាងសង់របស់ក្លិបស្ករគ្រាប់ Everton។

នៅចាំបានថា អង់គ្លេសក៏ធ្លាប់បានធ្វើម្ចាស់ផ្ទះ Euro 1996 និងមានការប្រកួតជាច្រើនលេងនៅកីឡដ្ឋាន Wembley និង Hampden Park ដែរនៅអំឡុង Euro 2020 និងធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup នៅឆ្នាំ១៩៦៦ ម្តងដែរ។

បន្ថែមលើនេះ អង់គ្លេសក៏បានធ្វើម្ចាស់ផ្ទះនៃយុទ្ធនាការជើងឯកអឺរ៉ុបផ្នែកស្រ្តី Women’s Euro 2022 ដែលខ្លួនបានគ្រងជើងឯកលើកដំបូងផងដែរ ក្រោយពេលឈ្នះក្រុមស្រ្តីអាល្លឹម៉ង់នៅវគ្គផ្តាច់ព្រ័ត្រនោះ។

សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA ក៏បានបញ្ជាក់ផងថា ក្រៅពីអង់គ្លេស និងអៀរឡង់ដាក់សំណើរួមគ្នា ក៏នៅមានគូប្រជែងតួកគី ក្នុងការសុំសិទ្ធិធ្វើម្ចាស់ផ្ទះ Euro 2028 ឬក៏ឆ្នាំ២០៣២ នៅពេលអ៉ីតាលីបានដាក់សំណើសម្រាប់ឆ្នាំ២០៣២។ គណៈកម្មាធិការប្រតិបត្តិ UEFA នឹងធ្វើការបោះឆ្នោតនាខែកញ្ញាចុងឆ្នាំនេះ ថាតើប្រទេសណាខ្លះទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះទាំង ២ព្រឹត្តិការណ៍បន្ទាប់ពីអាល្លឺម៉ង់ នៅឆ្នាំ២០២៤ នោះ៕