(បរទេស)៖ តារាសម្ដែងម៉ាឡេស៊ី Michelle Yeoh ត្រូវបានគេដឹងថា ក្លាយជាជនជាតិអាស៊ីដំបូងគេ ឈ្នះពានរង្វាន់តួឯកស្រីឆ្នើមក្នុងកម្មវិធី «Oscar» លើកទី៩៥។ រយៈពេលមួយខែ បន្ទាប់ពីបានឈ្នះពានរង្វាន់ នៅពេលនេះ Michelle Yeoh បានយកពានរង្វាន់ Oscar របស់លោកស្រីទៅប្រទេសម៉ាឡេស៊ី ដែលជាប្រទេសកំណើត ហើយនេះជាបំណងប្រាថ្នា ក៏ដូចជាការសន្យាររបស់លោកស្រី បានថ្លែងក្នុងសុន្ទរកថា នាពេលទទួលពាន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

តួស្រីក្នុងរឿង «The Everything Everywhere All At Once» រូបនេះ កាលពីថ្ងៃពុធ ទី១២ ខែមេសា បានចែករំលែករូបថតម្តាយរបស់លោកស្រី ពេលកាន់ពានរង្វាន់មាស «Oscar» ដែលលោកស្រីទទួលបាន។ ភ្ជាប់ជាមួយរូបថតនេះ លោកស្រីបានសរសេរសារថា «បាននាំពាន Oscar មកផ្ទះ…បើគ្មានការស្រឡាញ់ និងការទុកចិត្តពីឪពុកម្តាយរបស់ខ្ញុំទេ… ខ្ញុំនឹងមិនទទួលបានជោគជ័យដូចពេលនេះទេ… ស្រឡាញ់ខ្លាំងណាស់»

នៅក្នុងសុន្ទរកថាទទួលពានរង្វាន់ខាងលើ តារាសម្តែង Yeoh បានសម្តែងការដឹងគុណដល់ម្តាយអាយុ៨៤ឆ្នាំរបស់លោកស្រី សម្រាប់ការលើកទឹកចិត្ត និងគាំទ្រលោកស្រី ឲ្យទទួលបានជោគជ័យក្នុងអាជីពសម្តែង។ លោកស្រី ​ជា​តារា​សម្ដែង​អាស៊ី​ដំបូង​គេ​ ដែល​ឈ្នះ​ពាន​រង្វាន់ Oscar លើកទី៩៥ ក្នុងនាមជាតារាសម្ដែងល្អបំផុត សម្រាប់តួនាទីនៅក្នុងខ្សែភាពយន្តដ៏ល្បីរឿង «Everything Everywhere All At Once»៕