(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Twitter លោក Elon Musk បាននិយាយនៅថ្ងៃនេះថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ចាប់ផ្តើម «វិលមកកម្រិតដើម» វិញហើយ ខណៈដែលអ្នកផ្សព្វផ្សាយពាណិជ្ជកម្មភាគច្រើនបានត្រឡប់មកវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។

Twitter ទំនងជាអាចវិលទៅរកប្រាក់ចំណូលវិញហើយបន្ទាប់ពីវិនិយោគិនជាច្រើនបាននាំគ្នាដកការផ្សាយពាណិជ្ជកម្មចេញ Twitter ចាប់តាំងពី Elon Musk ទិញយកក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមនេះជាផ្លូវការក្នុងតម្លៃ ៤៤ពាន់លានដុល្លារ។

តាមរយៈបទសម្ភាសន៍ជាមួយ BBC ដែលមានការផ្សាយបន្តផ្ទាល់នៅលើ Twitter Space ដែលមានអ្នកទស្សនាជាង ៣លាននាក់ (3M) កាលពីពេលថ្មីៗនេះ Musk លើកឡើងជុំវិញការវិលត្រឡប់របស់អ្នកផ្សព្វផ្សាយពាណិជ្ជកម្មថា វាគឺដោយសារតែការផ្លាស់ប្តូរនៃការចំណាយលើការផ្សាយពាណិជ្ជកម្ម ហើយមួយចំនួនទៀតអាចជា «នយោបាយ»។ Musk បានបន្ថែមទៀតថា អ្នកផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Twitter ភាគច្រើនបានត្រឡប់មកវិញ។

គួរបញ្ជាក់ដែរថា បុគ្គលិក Twitter បច្ចុប្បន្ននេះមានចំនួនសរុប ១,៥០០នាក់ ដោយមុនពេល Musk ចូលកាន់កាប់ Twitter មានបុគ្គលិកប្រហែល ៧,០០០នាក់ឯណោះ ដែលនេះជាការបញ្ឈប់បុគ្គលិកដ៏ច្រើនបំផុតមួយសម្រាប់ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមក្រោមហេតុផលថា «ដើម្បីស្ថេរភាព Twitter»៕