(ខេត្តស្ទឹងត្រែង)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានចាត់ទុកបេសកកម្មដង្ហែព្រះអគ្គិជ័យកីឡា (ភ្លើងគប់) ជុំវិញបណ្ដាប្រទេសក្នុងតំបន់អាស៊ាន បាននាំមកនូវជោគជ័យដ៏ចត្រចះត្រចង់ក្នុងភាពជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនាពេលដ៏ខ្លីខាងមុខ និងបានលើកកម្ពស់គុណតម្លៃនៃសន្ដិភាពនៅកម្ពុជា ។

ការលើកឡើងនេះ បន្ទាប់ពីលោកបានដឹកនាំប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា ត្រឡប់មកដល់មាតុភូមិវិញ ដោយសុវត្ថិភាព ប្រកបដោយភាពជោគជ័យ តាមច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀន ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដែលទទួលបានការស្វាគមន៍ពីលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC រួមជាមួយថ្នាក់ដឹកនាំខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សរ៉ាប់ពាន់នាក់ផងដែរ។

ថ្លែងក្រោយដំណើរមាតុភូមិនិវត្ដន៍របស់ព្រះអគ្គិជ័យកីឡា លោក ហោ សារុន បានគូសបញ្ជាក់ថា អស់រយៈពេល ៣៧ថ្ងៃ នៃបេសកកម្មខាងលើ ព្រះអគ្គិជ័យកីឡាដែលបានបំពេញតួនាទីដ៏ឧត្ដុង្គឧត្តម និងសម្រេចបានលទ្ធផលល្អគួរជាទីមោទនៈ នៅបណ្ដាប្រទេសចំនួន ៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានវៀតណាម, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ទីម័រខាងកើត, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា, និងឡាវ (លើកលែងតែប្រទេសព្រុយណេ ដែលជាប់បុណ្យរ៉ាម៉ាដន មិនអាចរៀបចំបាន) ដោយបាននាំមកជាមួយនូវជោគជ័យត្រចះត្រចង់ជូនជាតិមាតុភូមិ។

បេសកជនពិសេសបានបន្ដថា «ថ្ងៃនេះ ព្រះអគ្គិជ័យកីឡា បានធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ ដោយពាំនាំមកនូវភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងការផ្សព្វផ្សាយភាពជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ការលើកកម្ពស់កិត្យានុភាព និងកិត្តិនាម នៃព្រះរាជាណាចក្រកម្ពុជា ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ រួមទាំងការលើកកម្ពស់គោលដៅទេសចរណ៍កម្ពុជា»

ជាការពិតការប្រារព្ធពិធីដង្ហែនេះ បានក្លាយជាឱកាសថ្មីមួយទៀត បង្ហាញឲ្យឃើញកាន់តែច្បាស់អំពីសារៈសំខាន់នៃវិស័យកីឡា ដែលបានចូលរួមផ្ដល់អត្ថប្រយោជន៍លើសពីសុខភាព។ វិស័យកីឡាបានដើរតួនាទីយ៉ាងល្អក្នុងការសម្របសម្រួល ក៏ដូចជាជួយពង្រឹង និងបង្កើតសមិទ្ធផលថ្មី។ ជាក់ស្ដែងក្នុងបណ្ដាប្រទេសនានា ដែលព្រះអគ្គិជ័យកីឡា បានឆ្លងកាត់ វិស័យកីឡាបានក្លាយជាស្ពានដ៏ល្អ ក្នុងការភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន ប្រទេស និងប្រទេស ព្រមទាំងផ្លាស់ប្ដូរគ្នាលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ បីដូចជាពាក្យមួយឃ្លាថា “កីឡាបង្កើតមិនភាពដោយគ្មានព្រំដែន កីឡាភ្ជាប់ទំនាក់ទំនងលើគ្រប់វិស័យ”

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ បេសកកម្មព្រះអគ្គិជ័យកីឡានៅក្រៅប្រទេស មិនត្រឹមតែជាវិធីដ៏ល្អមួយ ក្នុងការអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា ជាមួយបណ្ដាប្រទេសជាមិត្តក្នុងតំបន់ អំពីការធ្វើជាម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានលើកកម្ពស់គុណតម្លៃនៃសន្ដិភាពនៅកម្ពុជាផងដែរ ។

«នៅកម្ពុជា កីឡារស់ក្នុងសន្ដិភាព និងរីកចម្រើនក្នុងសន្ដិភាព ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី យើងធ្វើការរួមគ្នាជាធ្លុងមួយនៅក្រោមម្លប់សន្ដិភាពប្រកបដោយភាពសុខដុមរមនា ។ ក្រៅពីនេះ ពិធីដង្ហែព្រះអគ្គិជ័យកីឡានៅតាមបណ្ដាប្រទេសក្នុងតំបន់ ក៏បានបញ្ជាក់ឲ្យឃើញពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ដើម្បីធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។ អ្វីដែលពិសេស គឺព្រឹត្តិការណ៍នេះ ត្រូវបានអនុញ្ញាតឲ្យចូលទស្សនាដោយឥតគិតថ្លៃ ផ្សាយបន្ដផ្ទាល់ដោយមិនគិតថ្លៃ រួមជាមួយការមិនត្រូវឲ្យប្រតិភូ និងអត្តពលិកបង់ប្រាក់លើការស្នាក់នៅហូបចុកផងដែរ ។ កម្ពុជា «ប្រទេសតូច តែបេះដូងធំ»។ នេះបើតាមលោក ហោ សារុន បញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា ព្រះអគ្គិជ័យកីឡា និបានចាកចេញពីកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា ក្រោយព្រះរាជពិធីសុំភ្លើងព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ។ ក្រោយចំណាយពេល ៣៧ថ្ងៃ ព្រះអគ្គិជ័យកីឡា ក៏បានដង្ហែត្រឡប់មកកម្ពុជាវិញ កាលពីព្រឹកមិញ ដោយមានមន្ដ្រីជាន់ខ្ពស់កម្ពុជាទទួលស្វាគមន៍ រួមទាំងមានការជូនដំណើរពីអាជ្ញាធរឡាវផងដែរ ។

តាមគម្រោង ក្រោយដង្ហែមកដល់កម្ពុជា ព្រះអគ្គិជ័យកីឡា នឹងត្រូវបន្ដដំណើរពីខេត្តស្ទឹងត្រែង ឆ្ពោះទៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសាស្អែក មុនបន្ដបេសកកម្មជុំទី២ ជុំវិញបឹងទន្លេសាប ចាប់ពីថ្ងៃទី២៩ ខែមេសា ដោយចាប់ផ្ដើមពិធីដង្ហែពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងខេត្តកំពង់ចាម រហូតដង្ហែចូលពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី០៥ ខែឧសភា ដើម្បីប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង៕