(ភ្នំពេញ)៖ ទីលានបាល់ទាត់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានរៀបចំយ៉ាងស្រស់ស្អាត និងរួចរាល់ហើយ ដើម្បីត្រៀមទទួលការប្រកួតបើកឆាកវិញ្ញសារកីឡាបាល់ទាត់ ផ្នែកបុរស អាយុក្រោម ២២ឆ្នាំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញ Fresh News ថា ទីលានបាល់ទាត់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មានកៅអីប្រមាណ ២៩,០០០កន្លែង ក្នុងនោះនៅទីតាំងចំហរមាន ២៤,០០០កន្លែង និងទីតាំងម្លប់មានតែ ៥,០០០កន្លែង។

ដើមឡើយទីលានបាល់ទាត់ នៅពុហកីឡដ្ឋានជាតិអូឡាំពិក អាចផ្ទុកអ្នកទស្សនាបាន ៥០,០០០នាក់។ ទោះយ៉ាងនេះក្តី ក្រោយការរៀបចំឲ្យមានកៅ សម្រាប់ព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ ទើបសមត្ថភាពផ្ទុកអ្នកទស្សនាថយមកនេះ តែមានលក្ខណៈស្រួលទស្សនាជាងមុន។ វាត្រូវបានបុកគ្រឹះសាង់សង់នៅឆ្នាំ១៩៦២ ដោយលោកវិស្វករ វណ្ណ ម៉ូលីវណ្ណ និងបើកឲ្យដំណើរការនៅឆ្នាំ១៩៦៤ នៅសម័យសង្គមរាស្ត្រនិយម ដែលដឹកនាំដោយសម្តេច ព្រះនរោត្តម សីហនុ។​

ក្រោយរង់ចាំអស់រយៈ ៦៤ឆ្នាំ កម្ពុជាសម័យសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ នៅដើមខែក្រោយនេះ។ អាចនិយាយបានថា ទីលានបាល់ទាត់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក គឺជាសមិទ្ធផល ២ជំនាន់ ដើម្បីស្វាគមន៍ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងធំបែបនេះ។

សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំឥណ្ឌូនេស៊ី ត្រូវប៉ះហ្វីលីពីន ជាគូបើកឆាកប្រភេទកីឡាបាល់ទាត់ ផ្នែកបុរសក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។ នេះជាការប្រកួតសន្សំពិន្ទុមុនគេចេញពីពូល A ក្នុងចំណោម ៥ក្រុមរួមមានឥណ្ឌូនេស៊ី ហ្វីលីពីន ទីម័រខាងកើត មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា នៃយុទ្ធនាការមានរយៈពេល ២ឆ្នាំម្តងលើកទី៣២ នេះ។

ក្រៅពីឥណ្ឌនេស៊ី ប៉ះហ្វីលីពីន នាម៉ោង ៤៖០០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នោះ U22 របស់ម្ចាស់ផ្ទះកម្ពុជា ក៏ត្រូវប៉ះ U22 ទីម័រខាងកើតផងដែរនៅម៉ោង ៧យប់ថ្ងៃដដែលក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកតែមួយគត់ គ្រាដែលសំបុត្រចូលទស្សនាពុំមានគិតថ្លៃឡើយ។ ប៉ុន្តែ សំបុត្រសម្រាប់ចូលទស្សនាត្រូវបានចែកអស់យ៉ាងឆាប់រហ័សបំផុត៕