(ភ្នំពេញ)៖ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកីឡាកម្ពុជា បានបោះជំរំហ្វឹកហាត់ នៅទីលានមួយ នាខេត្តសៀមរាប ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នាពេលដ៏ខ្លីខាងមុខ ។

តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ បានឲ្យដឹងថា ការបោះជំរំនេះ រៀបចំឡើងដោយលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្នុងគោលបំណងបង្កើតការជួបជុំ និងរឹតចំណងសាមគ្គីភាព រវាងកីឡាករជម្រើសជាតិក្នុងស្រុក និងកីឡាករជម្រើសជាតិកូនកាត់ឈាមជ័រខ្មែរមកពីក្រៅប្រទេស ដើម្បីជំរុញឲ្យកីឡាករឥកីឡាការិនីទាំងអស់កាន់តែស្និតសា្នល និងយល់ចិត្តគ្នា។

កីឡាករឆ្នើម ឡុង សំនៀង និង ឡេង សានរាជ បានគូសបញ្ជាក់ថា ការប្រមូលផ្ដុំនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ពួកគេក្នុងការត្រៀមខ្លួនឲ្យកាន់តែល្អ ជាមួយការផ្លាស់ប្ដូរបរិយាកាសថ្មី ដើម្បីជំរុញការហ្វឹកហាត់ឲ្យកាន់តែមានប្រសិទ្ធភាព និងបង្កើតនូវសមត្ថភាព បច្ចេកទេសកាន់តែប្រសើរ សម្រាប់ត្រៀមប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនាពេលខាងមុខ ។

សូមបញ្ជាក់ថា កម្មវិធីបោះជំរុំហ្វឹកហាត់ នៅខេត្តសៀមរាបខាងលើ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែមេសានេះ ។ ក្រៅពីការហ្វឹកហាត់ មន្ដ្រីសហព័ន្ធ ក៏បាននាំកីឡាករ-កីឡាការិនីទាំងអស់ ចូលប្រោះព្រំសុំក្តីសុខ និងជោគជ័យ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលគ្រោងប្រារព្ធពិធីបើកនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខផងដែរ ៕