(ភ្នំពេញ)៖ ភាពយន្តខ្នាតធំបែបព្រឺព្រួច ខ្មោចព្រាយបិសាច មានចំណងជើងថា «ខ្សែចងក» ត្រូវបានសម្ពោធដាក់បញ្ចាំងតាមបណ្ដារោងភាពយន្តនានា កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ខណៈដែលភាពយន្តនេះ ត្រូវបានផលិតករអះអាងថា បានឆ្លុះបញ្ចាំងពីជីវិតពិតរបស់ខ្លួន កាលពីនៅវ័យជំទង់ ហើយបានឆ្លងកាត់នូវហេតុការណ៍ភ័យរន្ធត់រាប់មិនអស់ ពេលដែលខ្លួនមកស្នាក់នៅក្នុងវត្តអារាម ដើម្បីរៀនភ្លេងពិណ្យពាទ្យ ហើយត្រូវបានយកមកចងក្រងជាសាច់រឿងនៅពេលនេះ។

ផលិតករ និងជាអ្នកនិពន្ធរឿងលោក លី រដ្ឋា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ជាការពិតភាពយន្តមានចំណងជើងថា «ខ្សែចងក» ដែលបានសម្ពោធដាក់បញ្ចាំងនៅថ្ងៃនេះ គឺជាភាពយនុ្តមួយបង្ហាញពីជីវិត ដែលលោកបានជួបប្រទះ កាលពីកុមារ ពោលគឺកាលពីលោកត្រូវមកស្នាក់នៅក្នុងវត្តអារាមមួយកន្លែង ស្ថិតនៅក្នុងស្រុកកែប ខេត្តកែប ដើម្បីស្វះស្វែងរកចំណេះដឹង គឺការរៀនសូត្រពីជំនាញឧបរណ៍តន្រ្តីពិណ្យពាទ្យ។ អំឡុងពេលស្នាក់នៅក្នុងវត្តអារាម លោកបានជួបនូវហេតុការណ៍ភ័យរន្ធត់រាប់មិនអស់ ជាពិសេសគឺនៅក្នុងវត្តមានមនុស្សមកចងក ហើយវិញ្ញាណខ្មោចចងកនោះ បានតាមលងបន្លាចរូបលោក និងអ្នកភូមិដទៃទៀតស្ទើរតែរាល់យប់។

លោក លី រដ្ឋា បានបន្តទៀតថា ពេលដែលលោករៀនចេះជំនាញតន្រ្តីពិណ្យពាទ្យហើយអាប្រគំបាន ពេលមានអ្នកភូមិអ្នកស្រុកស្លាប់ គេតែងតែអញ្ជើញក្រុមភ្លេងពិណ្យពាទ្យរបស់លោកទៅលេងកំដរ ក្នុងពិធីបុណ្យសពនោះ។ អ្វីដែលលោកចាំមិនភ្លេច គឺរាល់ពេលដែលក្រុមភ្លេងរបស់លោកទៅប្រគំ ក្នុងពិធីបុណ្យសពអ្នកភូមិណាមួយ គឺខ្មោចតែងតែតាមលងបន្លាច ក្រុមភ្លេងរបស់លោក ដោយបានបង្ហាញឲ្យឃើញពីខ្សែចងក តាមរយៈដើមឈើធំៗ នៅតាមផ្លូវ ដែលបានក្លាយជាហេតុការណ៍ នៅតែដិតដាមជាប់ក្នុងអារម្មណ៍រហូតដល់សព្វថ្ងៃ។ រាល់ហេតុការណ៍ដ៏រន្ធត់ជាច្រើន ដែលរូបលោកបានឆ្លងកាត់ លោកបានចងក្រងជាខ្សែភាពយន្តនេះឡើង ដើម្បីចែកជូនបងប្អូនមហាជនទស្សនា លាយឡំនឹងភាពកំប្លុកកំប្លែងតាមរយៈតួសម្ដែងនីមួយៗផងដែរ។

ផលិតករថ្មីថ្មោងរូបនេះ បានបន្ថែមថា ក្នុងភាពយន្តទាំងមូលក្រៅពីបង្ហាញនូវភាពរន្ធត់ ភ័យខ្លាចតាមរយៈខ្មោចចងកតាមលងបន្លាច ក៏មានបង្កប់នូវការអប់រំផ្នែកផ្លូវចិត្ត ការលើកទឹកចិត្តកុំឲ្យមនុស្សគិតខ្លី ហើយជ្រើសយកផ្លូវសម្លាប់ខ្លួន។ ជាមួយគ្នានេះក្នុងភាពយន្ត ក៏បានបង្ហាញពីការលើកស្ទួយវង់ភ្លេងតន្ត្រីពិណ្យពាទ្យពីបុរាណរបស់ខ្មែរ ឲ្យក្មេងៗជំនាន់ក្រោយបានដឹង និងរៀនសូត្រ ដើម្បីអភិរក្សវង់ភ្លេងបុរាណ ដ៏ចំណាស់មួយនេះ ឲ្យស្ថិតស្ថេរយូរអង្វែងផងដែរ។

សូមបញ្ជាក់ថារឿង «ខ្សែចងក» គឺជារឿងដែលឆ្លុះបញ្ចាំងពីភូមិដាច់ស្រយាលមួយ មានដើមឈើធំមួយដើម ដែលអ្នកភូមិល្បីថា មានវិញ្ញាណខ្មោចតៃហោងចងកសម្លាប់ខ្លួនជាច្រើន តែងតែលងបន្លាចមនុស្សគ្រប់គ្នា ដែលឆ្លងកាត់តាមដើមឈើនោះ។ ថ្ងៃមួយមានក្រុមភ្លេងពិណ្យពាទ្យមួយក្រុម បានឆ្លងកាត់ដើមឈើដ៏សាហាវនោះទាំងយប់ ដើម្បីមកវាយភ្លេងនៅរោងបុណ្យសពឪពុកកូនមួយកន្លែងនៅក្នុងភូមិនោះ។ ក្រុមភ្លេងពិណ្យពាទ្យនោះ ក៏ត្រូវបានខ្មោចតៃហោងនៅដើមឈើនោះលងបន្លាច ដោយមានអបិយជំនឿទៅលើព្រះពុទ្ធសាសនា ក្រុមភ្លេងពិណ្យពាទ្យក៏ត្រូវបានរួចខ្លួន​ ពីព្រលឹងខ្មោចតៃហោងទាំងអស់ ហើយវិញ្ញាណខ្មោចទាំងនោះ ក៏ត្រូវបានទៅចាប់ជាតិថ្មីជារៀងរហូត។

ក្រោយពីសម្ពោធបើកយ៉ាងអធិកអធមកាលពីយប់មិញ ផលិតកម្ម PDS Entertainment បានប្រកាសថា ខ្សែភាពយន្ដបង្កប់ឈុតភ័យរន្ធត់ និងអប់រំ ព្រមទាំងបង្កប់នូវសំណើចតាំងពីដើមរហូតដល់ចប់មួយនេះ នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដ ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះតទៅ។ ពិធីសម្ពោធកាលពីយប់មិញនៅផ្សារទំនើបអ៊ីអន១ គេឃើញវត្ដមានតារាសម្ដែងជាច្រើនដួងបានចូលរួម មានដូចជា លោក លឹម ជាឡាយ, តារាកំប្លែងនាយគ្រឿន, លោក ជា សុវណ្ណនរាហ៍, ពូខេន, កញ្ញា គៀត សុវណ្ណាឡាង, កញ្ញា សួង ស៊ីធឿន ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនដួងទៀត៕