(វ៉ាស៊ីនតោន)៖ សហព័ន្ធគ្រប់គ្រងកីឡាប្រដាល់អាមេរិក USA Boxing បានប្រកាសដកខ្លួនចេញពីសមាគមកីឡាប្រដាល់អន្តរជាតិ International Boxing Association (IBA) ហើយនឹងចូលរួមជាមួយសហព័ន្ធ World Boxing ដែលបានបំបែកចេញជំនួសវិញ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។

លោក Mike McAtee ប្រធានប្រតិបត្តិ USA Boxing បានសរសេរលើលិខិតផ្ញើទៅកាន់សមាជិកនៅថ្ងៃពុធថា ការដកខ្លួនចេញនេះត្រូវបានធ្វើឡើងភ្លាមៗ។

IBA បានដឹកនាំដោយលោក Umar Kremlev ជនជាតិរុស្ស៊ី ដែលសមាគមនេះ ត្រូវបានផ្អាកដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងឆ្នាំ២០១៩ នោះ បានប្រកាសថ្កោលទោសសហព័ន្ធ World Boxing ថាជាអង្គការ «ដ៏អាក្រក់» មួយ។

USA Boxing ត្រូវបានបញ្ជាក់ដោយគណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកអាមេរិកថា ជាអង្គការគ្រប់គ្រងថ្នាក់ជាតិ សម្រាប់កីឡាប្រដាល់ទម្រង់អូឡាំពិកនៅសហរដ្ឋអាមេរិក។

សូមជម្រាបថា សហរដ្ឋអាមេរិកបានឈ្នះមេដាយវិញ្ញាសាប្រដាល់អូឡាំពិកចំនួន ១១៧គ្រឿង ក្នុងនោះ ៥០គ្រឿងជាមេដាយមាស គិតចាប់តាំងពីឆ្នាំ១៩០៤៕